យុទ្ធនាការយកប្លាស្ទិកជាសត្រូវពិតជាពិបាកទៅមុខណាស់បើពលរដ្ឋទូទៅនៅតែចាត់ទុកវាជាមិត្ត

មកដល់ពេលនេះក្រសួងបរិស្ថានកំពុងតែធ្វើនៅយុទ្ធនាការមួយដោយចង់ឲ្យពលរដ្ឋចាត់ទុកប្លាស្ទិកគឺជាសត្រូវ ដើម្បីឲ្យប្រទេសស្អាតគ្មានសំរាម និងគ្មានការបំពុលដោយកាកសំណល់នេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតាមការសង្កេតទូទៅពលរដ្ឋមួយចំនួនធំនៅតែចាត់ទុកប្លាស្ទិកជាមិត្តដដែល ។​

ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ ក្រសួងបរិស្ថានពិតជាបានខិតខំមែន ដោយសារតែ បរិមាណសំណល់ប្លាស្ទិក កំពុងកើនឡើងច្រើន និងកំពុងបន្ថែមសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងបរិស្ថានរបស់កម្ពុជា ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជាចាំបាច់ត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវនេះ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា និងជំរុញឱ្យកម្ពុជាមានភាពស្អាត។ លោកក៏បានលើកឡើងទៀតថា ដើម្បីកម្ពុជាស្អាត បន្ទាប់ពីចំនួនថង់ប្លាស្ទិក ត្រូវបានមើលឃើញមានការបោះចោល និងមានការប្រើប្រាស់ច្រើន នាពេលកន្លងមកក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ប្រើប្រាស់ឡើងវិញ កែច្នៃ និងទាញយកជាថាមពល ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោករដ្ឋមន្រ្តីក៏បានណែនាំឱ្យពង្រឹងការអប់រំបរិស្ថាន តាមរយៈយុទ្ធនាការរបស់ក្រសួងបន្តទៀត នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន និងការផ្តល់ធុងសំរាមដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងបែងចែកសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

បន្ថែមពីលើនេះ លោកក៏ជំរុញត្រួត ពិនិត្យរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងប្លាស្ទិក ពិសេសប្លាស្ទិកដែលប្រើតែម្តង ព្រមទាំងជំរុញវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។

ទាំងនេះគឺជាសុទ្ធជាយន្តការដែលអាចរួមគ្នាមួយចំណែកនៅក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកនេះមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយផែនការនេះពិតជាពិបាកនឹងទទួលជោគជ័យឲ្យពិតប្រាកដណាស់​ ដរាបណា​ ប្លាស្ទិកនៅតែជាមិត្តនឹងពលរដ្ឋដដែល ។​

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃតើមានពលរដ្ឋប៉ុន្មានគ្រួសារដែលនៅក្នុងមួយថ្ងៃមិនប្រើប្លាស្ទិកទាល់តែសោះនោះ​ ។ យើងខ្ញុំគិតថា ទំនងជាមិនមានទេ ដូច្នេះយុទ្ធនាការនេះពិតជាលំបាកណាស់ នៅក្នុងការសម្រេចបាន​។​

សរុបទៅរឿងនិយាយថាទេពីប្លាស្ទិកពិតជាពិបាក ប៉ុន្តែបើយើងនិយាយថា​បន្ថយគឺអាច ប៉ុន្តែសំខាន់គឺពង្រឹងការទុកដាក់និងពង្រីកសមត្ថភាពកែច្នៃសំណល់ទាំងនេះយកទៅប្រើប្រាស់ឡើងវិញក្រែងមានប្រសិទ្ធភាពជាង ។ នៅក្នុងលក្ខខណ្ឌនេះស្ថាប័នពាក់ព័ន្ធគួរលៃលករកគម្រោងណាឫក៏ជួយគាំទ្រគម្រោងណាដែលឈានទៅប្រើប្រាស់ធនធានពីប្លាស្ទិកឲ្យមាននិរន្តភាព ។​ រឿងអ្នកប្រើប្រាស់យើងអប់រំពួកគេឲ្យកាត់បន្ថយ តែយើងគួរតែលៃលកកៃច្នៃបង្កលក្ខណៈឲ្យពលរដ្ឋបានផលពីសំណល់នេះក៏ជាច្រកមួយគួររិះគិតដែរ ។

Daily Program

Livesteam thumbnail