ផលិតផលខ្លះខ្មែរធ្វើបាន ប៉ុន្តែខ្វះការផ្សព្វផ្សាយ !

មកដល់ពេលនេះមានផលិតផលនៅក្នុងស្រុកជាច្រើនដែលខ្មែរយើងធ្វើបាន ប៉ុន្តែខ្មែរមិនបានដឹង ដោយសារតែខ្វះការផ្សព្វផ្សាយ ដូច្នេះរាល់ផលិតផលដែលខ្មែរធ្វើបាន​គួរតែជំរុញនិងបង្កើនការផ្សព្វផ្សាយ​ឲ្យបានទូលំទូលាយ។​

មកដល់ពេលនេះ ករណីដូចជាផលិតផលអេឡិចត្រូនិក និង​អគ្គិសនីជាដើម គឺខ្មែរយើងមាន រោងចក្រប្រមាណជា ១០០ ហើយ ដែលកំពុងតែដំណើរការផលិត ប៉ុន្តែផលិតផលទាំងនោះ គឺ ទំនងជាមានពលរដ្ឋតិចតួចដែលបានដឹង។

រោងចក្រទាំងនោះបានកំពុងតែផលិតហើយខ្លះមិនបានផលិតដើម្បីចែកចាយនៅក្នុងស្រុក ឡើយគឺផលិតដើម្បីនាំចេញ  ហើយខ្លះចែកចាយនៅក្នុងស្រុកដែរ ប៉ុន្តែដោ​យសារតែកង្វះការ ផ្សព្វផ្សាយទូលំទូលាយ។​ អ្នក​ខ្លះ​បាន​ទិញ​ ប៉ុន្តែមិនដឹងថា ជា​ផលិតផលផលិតនៅក្នុងស្រុកកំណើត​របស់ខ្លួនឡើយ។

ចាប់ពីពេលនោះតទៅ អ្វីដែលយើងផលិតបានគួរតែជំរុញការផ្សព្វផ្សាយ ហើយលៃលកមួយ​ចំណែក​ណាមួយចែកចាយនៅក្នុងស្រុកដើម្បីឲ្យពលរដ្ឋអាចទិញប្រើប្រាស់ ហើយយ៉ាងហោចណាស់​ក៏ជាមោទកភាពសម្រាប់​ជាតិ​ មិនមែនចាំតែទិញគេយកមកប្រើ ដូចជាគេយល់​ផ្តេសផ្តាសនោះឡើយ។ កម្ពុជាក៏មានសមត្ថភាព មានបច្ចេកទេស មានធនធាន​កៃច្នៃផលិតផល ដើម្បីបម្រើសេចក្តីត្រូវកា​រ​ប្រចាំថ្ងៃផងដែរ។​

ក្រៅពីផលិតផលដែលផលិតបាន ហើយ ផលិតផលណាដែលយើងមិនទាន់ផលិតបាន ជា ពិសេសគឺផលិតផលដែលបម្រើការប្រើប្រាស់ចាំបាច់ និង ហូបចុកប្រចាំថ្ងៃ ក៏គួរតែលៃលកផលិត​នៅក្នុងស្រុកយើងឲ្យបាន ដើម្បីធានាថា យើងពិតជាមិនចាំបាច់ពឹងផ្អែកលើគេ។

សរុបទៅនៅក្នុងនាមជាពលរដ្ឋខ្មែរយើងចាំបាច់ត្រូវតែរួបរួមគ្នាបង្កើនផលិតកម្ម និង ផលិតភាពនៅក្នុងស្រុក ដើម្បីជំរុញបង្កើនផលិតផលនាំចេញ និង ប្រើប្រាស់ដោយខ្លួនយើង​ឲ្យបាន។ ផលិតផលណាដែលយើងមិនទាន់ផលិតបាន ត្រូវលៃលករួបរួមគ្នាតាមយន្តការផ្សេងៗ ដើម្បីធ្វើយ៉ាងណា​ផលិតផលិតផលនោះដាក់ចូលទៅផ្សារឲ្យប្រជាពលរដ្ឋយើងប្រើ។ ផលិតផលណាដែលមានស្រាប់គឺត្រូវខិតខំកែច្នៃបង្កើនគុណភាព ពង្រឹងយន្តការពាក់ព័ន្ធ ដើម្បីបង្កើនផលិតកម្ម បម្រើសេចក្តីត្រូវការនៅក្នុងស្រុកផង និង ដើម្បីអាចមានសមត្ថភាពផលិតហើយនាំចេញយកទៅប្រកួតប្រជែងនឹងគេ។​ ក្រៅពីនោះក៏គួរសម្លឹងនិងកៃច្នៃបង្កើតផលិតផលថ្មីដែលគេគ្មាន នោះគឺជាចំណុចខ្លាំងមួយដែលយើងគួរតែរិះគិត៕​

 

 

Daily Program

Livesteam thumbnail