មហារីកមាត់ស្បូនគ្រោះថ្នាក់ខ្លាំង តែឥឡូវមានវ៉ាក់សាំងហើយ!
មហារីកមាត់ស្បូនគឺជាប្រភេទជំងឺកាចសាហាវមួយនៅលើពិភពលោក និងនៅកម្ពុជា ប៉ុន្តែនៅពេលបច្ចុប្បន្ននេះវាមានវិធានការបង្ការហើយ។ មកដល់ពេលនេះ អង្គការសុខភាពពិភពលោកបានអះអាងថា ជំងឺនេះបានសម្លាប់ជីវិតស្ត្រីប្រមាណជា ២៨៨.០០០ (២៨ម៉ឺន) នាក់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក ក្នុងនោះក៏មានស្ត្រីកម្ពុជាផងដែរ។
តាមស្ថិតិដែលគេបានកត់ត្រា ប៉ាន់ស្មាន និងប្រកាសកាលពីឆ្នាំ២០២៤ ដោយក្រសួងចំនួនបី គឺ ក្រសួងផែនការ ក្រសួងសុខាភិបាល និងក្រសួងកិច្ចការនារី បានបង្ហាញថា នៅកម្ពុជាមាននារីកើតជំងឺនេះក្នុងមួយឆ្នាំប្រមាណជាង ១.២០០ នាក់ ឯក្នុងនោះបានបង្កផលប៉ះពាល់ដល់ជីវិតប្រមាណជា ៦៧០ នាក់។ ផ្អែកតាមស្ថិតិនេះ ឃើញថាស្ត្រីកម្ពុជាដែលកើតជំងឺនេះនៅមានភាគរយទាបមែន ប៉ុន្តែក៏មិនអាចធ្វេសប្រហែសបានដែរ។
មកដល់ពេលនេះ ជំងឺនេះច្រើនតែកើតលើស្ត្រីដែលបណ្តាលមកពីវីរុស HPV ប៉ុន្តែឥឡូវពិភពលោកមានវ៉ាក់សាំងការពារវីរុសនេះហើយ ដូច្នេះចូរស្វែងរកវា ដើម្បីបង្ការកុំឱ្យឆ្លងវីរុសនាំឱ្យកើតជំងឺនេះ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅពេលនេះវ៉ាក់សាំងការពារវីរុស HPV គឺមាននៅកម្ពុជា ហើយកម្ពុោក៏កំពុងតែបើកយុទ្ធនាការផ្តល់វ៉ាក់សាំងការពារមេរោគនេះដល់កុមារីដែលមានអាយុចាប់ពី ៩ ដល់ ១៤ ឆ្នាំ នៅទូទាំងប្រទេសតែម្តង។
នៅពេលនេះក្រសួងកំពុងតែលើកទឹកចិត្ត និងជំរុញការផ្សព្វផ្សាយ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយករណីមហារីកមាត់ស្បូននេះ កុំឱ្យស្ត្រីកម្ពុរបន្តរងគ្រោះបន្ថែមទៀត។ វ៉ាក់សាំងនេះគឺមានផ្តល់នៅតាមសាលារៀន ហើយក្នុងករណីមិនបានចាក់នៅសាលា អាណាព្យាបាលក៏អាចជូនបុត្រធីតាពួកគេទៅទទួលវ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាព ឬទីតាំងផ្តល់ថ្នាំបង្ការតាមសហគមន៍។
សរុបទៅ មហារីកមាត់ស្បូនគឺជាបញ្ហាសុខភាពដ៏សំខាន់មួយ ដែលមិនអាចមើលរំលងបានឡើយ ប៉ុន្តែអ្វីដែលគួរឱ្យសាទរនោះគឺ ជំងឺនេះអាចបង្ការបានតាមរយៈការចាក់វ៉ាក់សាំង HPV និងការពិនិត្យសុខភាពជាប្រចាំ។ ដូច្នេះ ការចាក់វ៉ាក់សាំងការពារមេរោគ HPV ដល់កុមារីកម្ពុជានាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការការពារសុខភាពស្ត្រីនាពេលអនាគត និងកាត់បន្ថយអត្រាអ្នកកើតជំងឺ និងស្លាប់ដោយសារមហារីកមាត់ស្បូន។ អ្វីដែលសំខាន់គឺ ត្រូវមានការចូលរួមពីអាណាព្យាបាល សាលារៀន សហគមន៍ និងអាជ្ញាធរសុខាភិបាល ក្នុងការជំរុញឱ្យកុមារីដែលស្ថិតក្នុងវ័យគោលដៅទទួលបានវ៉ាក់សាំងនេះឱ្យបានគ្រប់ៗគ្នា។ ការការពារនៅថ្ងៃនេះ គឺជាការសង្គ្រោះជីវិតស្ត្រីនៅថ្ងៃអនាគត និងជាការរួមចំណែកកសាងសង្គមកម្ពុជាដែលមានសុខភាពល្អ និងសុវត្ថិភាពជាងមុន៕
