បងប្អូនអ្នកបើកបររ៉ឺម៉កសូមរិះគិតចំណុចមួយចំនួន!

បងប្អូនដែលកាន់ចង្កូតរ៉ឺម៉កឬត្រីចក្រយានយន្តនានា នៅពេលបើកបរនៅលើទ្រូងផ្លូវសាធារណៈនានា សូមបងប្អូនយកចិត្តទុកដាក់លើចំណុចមួយចំនួនដើម្បីសុវត្ថិភាពទាំងអស់គ្នា ទាំងបងប្អូននិងអ្នកដំណើរផ្សេងៗទៀត។
មកដល់ពេលនេះមានបងប្អូនជាច្រើនបានយល់ហើយកំពុងចូលរួម អនុវត្តក៏ច្រើនដែរ ប៉ុន្តែទន្ទឹមនឹងនោះក៏មានបងប្អូនខ្លះនៅមិនទាន់យល់ ហើយបានបន្តបើកបរដោយខ្វះម្ចាស់ការ ដេលទង្វើទាំងនោះអាចនឹងធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់ជាយថាហេតុដោយអចេតនា។
តាមរយៈការសង្កេតឃើញជាញឹកញាប់ បងប្អូនខ្លះបើកបរហាក់ភ្លេចថា ខ្លួនកំពុងបើកបរយានមួយដែលដូចម៉ូតូ ប៉ុន្តែការពិតយានយន្តដែលពួកគេកំពុងបើកបរនៅលើទ្រូងផ្លូវនោះវាធំស្ទើរប៉ុនកូនឡានមួយទៅហើយ។ ក្បាលយានរបស់ពួកគេតូចប៉ុនម៉ូតូមែន ប៉ុន្តែកន្ទុយគឺធំ ដោយរ៉ឺម៉កខ្លះធំជាងរថយន្តផងក៏មាន ដូច្នេះនៅក្នុងស្ថានភាពបែបនេះ ប្រសិនបើបងប្អូនបើកបរខ្វះការប្រុងប្រយ័ត្នខ្ពស់ ហើយធ្វេសប្រហែសមួយចំនួន ដូចជាបើកបរ ជែង វ៉ាគេវ៉ាឯង បើកបរមិនគោរពតាមគំនូសចរាចរណ៍ ត្បុលឆ្វេងត្បុលស្តាំដូចម៉ូតូ គឺពិតជាហានិភ័យខ្លាំងណាស់។
ករណីជាក់ស្តែងមួយបានកើតមាននៅកន្លែងភ្លើងស្តុបមួយនៅខាងប៉ែកអាគ្នេហ៍នៃពហុកីឡាដ្ឋានអូឡាំពិកថ្មីៗនេះ។ រឿងនេះតូចហើយសំណាងក៏មិនមានទំនាស់និងខូចខាតធំដុំឡើយ ដោយករណីនេះគឺខាងរឺម៉ក បើកបរត្បុលទៅមុខ ប៉ះនឹងម៉ូតូមួយគ្រឿងកំពុងឈប់ស្តុប នាំឱ្យអ្នកដំណើរដែលឈប់ស្តុបងាកឬក្រឡេកមើលគ្រប់ៗគ្នា។ ប្រសិនបើម៉ូតូនោះឌុបអ្នកដំណើរម្នាក់ទៀតនោះគេអាចរងគ្រោះដោយរបួសដោយប្រការណាមួយ។
ករណីនេះជាឧទាហរណ៍មួយប៉ុណ្ណោះ នៅមានករណីផ្សេងៗច្រើនទៀត ដែលតម្រូវឱ្យបងប្អូនយកចិត្តទុកដាក់និងលើកកំពស់ការប្រុងប្រយ័ត្ននៅពេលបើកបរ ដើម្បីសេចក្តីសុខសុវត្ថិភាពរបស់បងប្អូនផ្ទាល់និងអ្នកដទៃ។ សូមបងប្អូនកុំធ្វេសប្រហែសដើម្បីយើងបន្តរក្សាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បន្តថែមទៀត។
សរុបទៅមានតែការប្រុងប្រយ័ត្ននិងទទួលខុសត្រូវទេ ក៏ដូចជាគោរពច្បាប់ចរាចរណ៍ទេ ទើបយើងទាំងអស់គ្នាអាចរក្សាសេចក្តីសុខសុវត្ថិភាពរបស់យើងទាំងអស់គ្នានៅលើដងផ្លូវបាន៕
Daily Program
