នៅមុនអស់ទឹកភ្លៀង រាជធានីភ្នំពេញអាចបន្តរងគ្រោះដោយជំនន់ទឹកភ្លៀងចុងក្រោយ

រដូវវស្សាដែលជារដូវភ្លៀងនឹងបញ្ចប់នៅសប្តាហ៍ទី១នៃខែវិច្ឆិកាខាងមុខ ប៉ុន្តែមុនពេលដែលវាបញ្ចប់រាជធានីភ្នំពេញអាចនឹងត្រូវជនលិចដោយអន្លើរបន្ថែមទៀតដោយសារជំនន់ទឹកភ្លៀងនាចុងរដួវវស្សានាពេលបច្ចុប្បន្ននេះ ។
តាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមដែលចេញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ព្យុះណាគ្រី ដែលជាព្យុះទី២៣ ថ្វីត្បិតតែវាមិនមានឥទ្ធិពលចំមកលើកម្ពុជាមែន ប៉ុន្តែទោះបីជាយ៉ាងណក៏វាបង្កឲ្យមានភ្លៀងធ្លាក់មកពី២០ទៅ៣០ភាគរយទៀតដែរ ។
ក្រៅពីនោះប្រភពដដែលក៏បានចេញរបាយការណ៍មួយទៀតដែលជាការ ព្យាករណ៍កម្រិតទឹកភ្លៀងសរុប ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។
តាមរយៈការព្យាករណ៍នោះ រាជធានីភ្នំពេញត្រូវបានគេដឹងថា គឺនៅក្នុងចំណោមទីតាំងដែលអាចនឹងទទួលបរិមាណទឹកភ្លៀងខ្ពស់ជាងគេ ស្របពេលដែល ផ្នែកជាច្រើននៅក្នុងភូមិសាស្រ្តរាជធានីត្រូវបានជំនន់ទឹកភ្លៀងលិចលំនៅស្ថាន ផ្លូវ គួរសមដែរ ។
ការព្យាករណ៍នោះបានឲ្យដឹងថា នៅក្នុងអំឡុងពេលនោះរាជធានីភ្នំពេញគឺអាចនឹងទទួលទឹកភ្លៀងបង្អុរចុះមកនៅក្នុងកម្រិតពី៨០ មីលីម៉ែត្រទៅដល់ ១៣០ មីលីម៉ែត្រខណៈដែលខេត្តផ្សេងៗសឹងតែពេញប្រទេស គឺទទួលរបបទឹកភ្លៀងតិចជាងនេះនោះទេ ។
ក្រៅពីរាជធានីភ្នំពេញហើយនោះ នៅផ្នែកខ្លះនៃខេត្តស្វាយរៀង ព្រៃវែង និង ត្បូងឃ្មុំ ក៏អាចនឹងទទួលរបាយទឹកភ្លៀងធ្លាក់មកនៅក្នុងកម្រិតពី ៨០ មីលីម៉ែត្រទៅ១៣០ មីលីម៉ែត្រនេះផងដែរ ។
នៅក្នុងស្ថានភាពនេះអ្នកនៅភ្នំពេញសូមត្រៀមជាពិសេសគឺតំបន់ដែលធ្លាប់លេច គឺត្រូវរកអ្វីខ្ពស់ៗកល់របស់ដែលងាយខូចឪ្យខ្ពស់ ហើយក៏ត្រូវប្រយ័ត្នការឆ្លងចរន្តអគ្គិសនីដែលមានហានិភ័យ។ ក្រៅពីនោះក៏គួរតែកុំធ្វើដំណើរទៅទីណា ដែលជិតប្រភពទឹក ករណីដូចជាលូ ជាដើម ពីព្រោះថ្មីៗនេះមានមនុស្សពីរនាក់ហើយដែលមានគ្រោះថ្នាក់ដល់ជិវិតដោយសារតែធ្លាក់លូ នេះ ។
បងប្អូនដែលធ្វើដំណើរនៅក្នុងករណីភ្លៀងគឺគួរតែធ្វើដំណើររកមើលផ្លូវណាដែលខ្ពស់ដើម្បីកុំអោយលេច រលត់ម៉ាស៊ីនយានយន្តពិបាករកជាងជួសជុលនិងខាតពេលវេលាក៏ដូចជាលុយកាក់។
សរុបទៅថ្វីត្បិតតែកម្ពុជាមានករណីទឹកជំនន់ខ្លះៗកើតមានឡើងដោយសារតែអាកាសធាតុ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គ្រោះធម្មជាតិនេះមិនធ្ងន់ធ្ងរដូចជាប្រទេសមួយចំនួននៅក្នុងតំបន់ជាពិសេសប្រទេសជិតខាងយើងដែរ៕
Daily Program
