នៅពេលដែលថៃកាន់តែក្រឡុក យើងត្រូវតែរឹងប៉ឹង !

ប៉ុន្មានថ្ងៃមកចុងក្រោយនេះ នៅព្រំដែនជាពិសេស គឺនៅភូមិជោគជ័យនិងភូមិព្រៃចាន់ពលរដ្ឋទំាងចាស់ទាំងក្មេង កំពុងតែរងទុក្ខសព្វសារពើរ ដូច្នេះយើងនៅខាងក្រោយដែលសុខស្រួលកុំភ្លេចពួកគេ។
មកដល់ពេលនេះពួកគេរាប់សិបគ្រួសារមិនបានសម្រាកគ្រប់គ្រាន់ឡើយ ដោយពេលថ្ងៃពួកទាហានរុកគួន យកលេសនេះលេសនោះទន្រ្ទានចូលនិងគំរាមបណ្តេញពួកគេ ហើយពេលរាត្រីគឺបង្កសកម្មភាពសូម្បីតែវិធីសាស្រ្តគ្មានមនុស្សធម៌ក៏ពួកគេប្រពឹ្រត្តដែរ។
ពួកគេចាក់សំឡេងរំខានជាសំឡេងខ្មោច ឆ្កែលូ និង ឆ្កែព្រុស ពេញទឹកពេញដី សម្រាកមិនបាន ដូច្នេះ យើងអ្នកដែលនៅសុខស្រួលគួរតែនឹកដល់ពួកគេ។ នៅពេលនេះយើងជឿជាក់ថា ពួកគេពិតជាមានសុខភាពទ្រុឌទ្រោមដោយសារតែសម្រាកមិនគ្រប់គ្រាន់ ហើយក៏មិនមានពេលវេលាធ្វើស្រែធ្វើចំការ ឬប្រកបរបររកស៊ីចិញ្ចឹមជីវិតឡើយ គឺពួកគេបានតែនៅចំាការពារផ្ទះ ការពារទ្រព្យ ដែលភាគីថៃ គំរាមម្តងហើយម្តងទៀត រហូតដល់ធ្វើសកម្មភាពគ្មានវិជ្ជាជីវៈនិងសីលធម៌ជាមនុស្សជាតិ ប្រព្រឹត្តបែបនេះ។
រឿងនេះមិនមែនជារឿងលេងសើចទេ ហើយអន្តរជាតិ ក៏បានដឹងនិងបានកត់ត្រាដែរ។ នៅក្នុងកាលៈទេសៈនេះ យើងមានតែបន្តរួមសាមគ្គី ហើយក៏គួរតែមានចលនាបន្ថែមទៀតជួយពួកគេទ្រទ្រង់ជីវភាព និង សុខភាពពួកគេផង។
នៅពេលនេះបងប្អូននៅក្នុងភូមិ និង កងកម្លាំងនិងក្រុមការងារប្រចាំការនៅទីនោះ គឺពិតជាលំបាកសព្វសារពើ ដែលយើងចាំបាច់នៅខាងក្រោយគួរតែយកចិត្តទុកដាក់ពួកគេ។
ក្រៅពីនោះនៅពេលដែលពួកគេកំពុងតែរងទុក្ខ អ្នកនៅខាងក្រោយគួរតែពង្រឹងផលិតកម្ម ពង្រឹងគុណភាពផលិតផល ព្យាយាមដណ្តើមឯករាជ្យឲ្យបានពីផលិតផលដែលនាំចូលពីថៃ។
យើងមិនធ្វើហើយមិនប្រពឹត្តអំពើគ្មានសីលធម៌ដូចជាក្រុមជនជ្រុលនិយមថៃទាំងនោះមែន ប៉ុន្តែស្មារតីជាតិនិយមត្រូវតែរឹងប៉ឹង។ ដោយឡែកឈ្មួញៗ និងអស់លោក លោកស្រីនានា ដែលកន្លងមកឆ្លៀតឱកាសនោះ គួរតែបញ្ឈប់ហើយភ្ញាក់រលឹកទៅ។ គេធ្វើបាបជាតិសាសន៍យើងសព្វសារពើ តើហេតុអ្វីក៏នៅតែទៅយកផលិតផលពីគេមកចូលស្រុកឲ្យប្រជាពលរដ្ឋដែលមិនដឹងប្រភពមកធ្វើអ្វីទៀត។
ពួកឈ្មួញដែលប្រើល្បិចបោកបញ្ឆោតទាំងនេះ សូមឲ្យរដ្ឋាភិបាលដាក់ទោសទណ្ឌ ដើម្បីកុំឲ្យមានអ្នកប្រព្រឹត្តបែបនេះទៀត ព្រោះប្រទេសយើងមានច្បាប់ ដូច្នេះយើងត្រូវយកច្បាប់មកប្រើប្រាស់ឲ្យបានប្រសើរ មិនមែនអនុវត្តចំពោះតែអ្នកតូចតាចនោះឡើយ។
ចំណែកផលិតករក៏គួរតែខិតខំ ធ្វើយ៉ាងណាឲ្យដើម្បីឲ្យផលិតផលរបស់ក្នុងស្រុកអាចឈរជើងបានរឹងមាំ និងរក្សាទាំងតម្លៃនិងគុណភាព។ ក្នុងកត្តានេះ យើងខ្ញុំជាពលរដ្ឋសូមរដ្ឋាភិបាលមេត្តាជួយដល់ពួកគាត់ដើម្បីឲ្យផលិតផលក្នុងស្រុកអាចប្រើប្រាស់បាន។
សរុបទៅទំនិញប្រើប្រាស់សព្វយ៉ាងនៅក្នុងផ្ទះគួរតែទំនិញឬជាផលិតផលនៅក្នុងស្រុក រាប់ចាប់តាំងពីក្នុងទូរទឹកកក រហូតដល់ផ្ទះបាយ និង គេហដ្ឋានទាំងមូល។ ទំនិញណាដែលយើងផលិតមិនទាន់បាន គ្មានផលិតផលនាំចូលពី ប្រទេសជំនួសសូមអត់ធ្មត់សិនទៅ។ សូមដាក់កម្រិតនិងកំណត់ព្រំដែនតម្រូវការយើងឲ្យច្បាស់លាស់។ សូមរឹងប៉ឹងហើយជួយគ្នាដើម្បីឆ្លងកាត់ដំណាក់កាលដែលយើងកំពុងតែ ជួបប្រទះនៅការលំបាកនៅពេលបច្ចុប្បន្ននេះឲ្យបាន៕
Daily Program
