នរណាក៏ដោយដំណាក់កាលនេះកុំចង់ចំណេញនយោបាយសំខាន់គឺជួយជាតិទាំងអស់គ្នា

ចង់អ្នកណាមាននិន្នាការនយោបាយបែបណាក៏ដោយ ហើយរស់នៅទីណាក៏ដោយឲ្យតែមានឈាមជ័រជាខ្មែរគឺគួរតែនាំគ្នាធ្វើសកម្មភាពរួបរួមគ្នានៅក្នុងស្មារតីជាខ្មែរតែមួយ សំឡេងតែមួយ ជំហរតែមួយដើម្បីប្រឆាំងនឹងការគំរាមកំហែងដោយសត្រូវពីខាងក្រៅ ហើយអ្នកដែលឆ្លៀតឱកាសកេងចំណេញគួរតែផ្អាកសិនទៅ។

យើងទាំងអស់គ្នាគួរ ងាកមកធ្វើការរួបគ្នាដើម្បីជួយគ្នាប្រឈមមុខនឹងសត្រូវពីខាងក្រៅ ដែលមកដល់ពេលនេះកាន់តែសាហាវ វាយប្រហារដោយមិនរើសគោលដៅ​ច្បាស់លាស់ ហើយវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធកាន់តែជ្រៅលើសពីតំបន់ព្រំដែន។

មកដល់ពេលនេះការវាយប្រហារដោយខុសច្បាប់របស់យោធាថៃរំលោភដែនអធិបតេយ្យរបស់ប្រទេសកម្ពុជាគឺកាន់តែធ្ងន់ធ្ងរនិងសាហាវហើយគ្មានរើសកន្លែងឡើយ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ផ្សារ លំនៅស្ថានប្រជាពលរដ្ឋ អាគាររដ្ឋបាលស៊ីវិល សំណង់ប្រាសាទបុរាណ ស្ពានផ្លូវ គឺសុទ្ធតែត្រូវបានកម្លាំងយោធាថៃវាយប្រហារជាបន្តបន្ទាប់ ហើយកំពុងតែពង្រីកកាន់តែទូលំទូលាយ។

ពេលនេះគឺជាពេលអាសន្តរបស់ជាតិ ដូច្នេះការគុំគួន ការមាននិន្នាការនយោបាយ ការឆ្លៀតឱកាសកេងចំណេញ ការបញ្ឆិតបញ្ឆៀង ការធ្វើប្រជាភិថុតរកប្រជាប្រិយភាពនៅក្នុងចំណោមយើង ដែលមានឈាមជ័រជាខ្មែរគួរតែផ្អាក ហើយរួមរួមគ្នាធ្វើសកម្មភាពឲ្យព្រមគ្នា ដើម្បីអាចឲ្យជាតិរបស់យើងរឹងមាំទប់ទល់នឹងការឈ្លាន ពានដ៏ងងើលពីសំណាក់កងកម្លាំងយោធាថៃ ដែលបានកំពុងតែធ្វើមកលើយើង។

យើងគួរតែជួយគ្នា អ្នកនយោបាយជួយតាមជំហរនិងវិធីសាស្រ្តនយោបាយនិងការទូតតាមជំនាញ អ្នកសេដ្ឋកិច្ចគឺធ្វើតាមជំនាញ អាជីវករគួរជួយនេះជួយនោះដូចដែលកំពុងតែធ្វើ បងប្អូនខ្មែរនៅក្រៅប្រទេស គួរតែធ្វើសកម្មភាពនេះសកម្មភាពនោះ ហើយបើអាចប្រសិនបើមានជាថវិកា ក៏ប្រសើរដែរ ដើម្បីយើងទាំងអស់គ្នា ឈរជាធ្លុងមហាសាមគ្គីជាតិខ្មែរ ឈរជាមួយគ្នា ប្រឆាំងនឹងការឈ្លានពាន។

ពេលនេះមិនមែនជាពេលវេលាយើងត្រូវអង្គុយបន្ទោសគ្នានោះទេ តែជាពេលដែលយើងត្រូវលើកទឹកចិត្តគ្នា ជួយគ្នាដោយជាក់ស្តែងដោយប្រាជ្ញា ដោយឆន្ទះ ដោយសកម្មភាពជាក់ស្តែងទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នាដែលមាន ១៧លាននាក់។

កងវីរៈកងទ័ពជួរខាងមុខកំពុងតស៊ូយ៉ាងក្រាញននៀន នៅក្នុងការទប់ទល់នឹងការឈ្លានពានហើយនោះ កុំអោយពួកគេមកឈឺក្បាលនឹងការវិភាគការវែកញែករសេមរសាមបង្កតែបញ្ហាឈឺក្បាលដល់ពួកគេបន្ថែមមួយកម្រិតទៀត។

សរុបទៅយើងទាំងអស់គ្នាគួរតែប្រើប្រាស់ចំណេះជំនាញដែលមានហើយជួយជាតិទាំងអស់គ្នា ហើយបើអាចជួយអ្វីបន្ថែមបានគឺត្រូវតែជួយគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយឲ្យយើងនៅតែរឹងមាំ ទោះជាត្រូវខ្យលបក់ ហើយសត្រូវវាយប្រហារខ្លាំងក្លាប៉ុណ្ណាក៏ដោយ៕

Daily Program

Livesteam thumbnail