ទឹកភ្លៀងជិតអស់ហើយ មើលលៃលកបញ្ចូលទឹកក្នុងត្រពាំង ឬអាងស្តុកឲ្យពេញៗ

រដូវវស្សានឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខ ដូច្នេះសូមយកចិត្តទុកដាក់បញ្ចូលទឹកឲ្យពេញៗស្រែ ជាពិសេសស្រែដែលមិនទាន់មានទឹកគ្រប់គ្រាន់ ហើយត្រពាំង ឬស្រះដែលយើងជីកដើម្បីរក្សាទឹកទុកប្រើប្រាស់ផ្សេងៗ គួរតែបញ្ចូលទឹកហើយទប់វាទុកប្រើប្រាស់ឲ្យបានរួសរាន់។
តាមការជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសាររតែស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និង មហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ កម្ពុជាដែលទទួលនូវរបបខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្តាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ។
តាមការជូនដំណឹងបែបនេះគឺបានបញ្ជាក់ន័យថា ការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ នឹងអស់នៅពេលនោះ ហើយចាប់ពីពេលនេះតទៅកម្ពុជា អាចទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសានម្តង ហើយបរិមាណ ទឹកភ្លៀងធ្លាក់ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។
យោងតាមការវិវត្តប្រែប្រួលនៃសីតុណ្ហភាពដូចបានជម្រាបជូនខាងលើ ក្រសួងជំនាញនេះ បានជូនដំណឹងឲ្យសាធារណជនមេត្តា ចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ដែលអាចកើតមានឡើងជាយថាហេតុ។
ប្រភពដដែលក៏បានជូនដំណឹងជាពិសេសដល់គ្រប់បណ្តាអង្គភាព និងមន្ទីររាជធានី-ខេត្ត ដែលស្ថិតនៅក្រោមឱវាទក្រសួងធនធានទឹក និង ឧតុនិយម ត្រូវមានវិធានការថែរក្សា និងខ្ទប់ទឹកទុកឱ្យមានប្រសិទ្ធភាពនៅតាមប្រភពទឹកនីមួយៗ ហើយ ត្រូវមានវិធានការបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់។
ដូចដែលបានលើកឡើងខាងលើហើយ ក្រៅពីមន្រ្តីយើងជាប្រជាពលរដ្ឋក៏គួរតែយកចិត្តទុកដាក់មើលបង្ហូរទឹកបញ្ចូលឲ្យពេញៗប្រភពនៅក្បែរផ្ទះឬនៅក្នុងភូមិឬសហគមន៍។ ដោយឡែកឧបករណ៍ស្តុកទឹកទុកដូចជាពាង ឬ អាងអី ដែលយើងសង់ខ្លួនឯងគួរគ្របឲ្យជិតដើម្បីកុំអោយមូសចូលពងជាពិសេសគឺមូសខ្លា ដើម្បីបង្ការកុំអោយរីករាលដាលជំងឺគ្រុនឈាម ហើយមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។
សរុបទៅសូមយកចិត្តទុកដាក់ លើបញ្ហានេះ ប៉ុន្តែក្រៅពីការបារម្ភរឿងការរក្សាទឹកទុក ហើយក៏គួរតែប្រុងប្រយ័ត្នបន្ត ពីព្រោះបាតុភូតធម្មជាតិប្រែប្រួលអាចមានព្យុះ បង្កគ្រោះថ្នាក់នៅចុងរដូវ៕
Daily Program
