ទីបុរាណដ្ឋាននិងទេសចរណ៍ល្បីៗ គួរតែតម្លើងឧបករណ៍ការពាររន្ទះ

ស្របពេលដែលខេត្តសៀមរាបរងគ្រោះព្រោះបាតុភូតខ្យល់កន្រ្តាក់និងរន្ទះ នៅរមណីដ្ឋានបុរាណដ្ឋានអង្គរដែលជារមណីដ្ឋានទេសចរណ៍ដ៏ល្បីនៅលើពិភពលោក ដែលគ្រោះធម្មជាតិនេះបានបង្កគ្រោះថ្នាក់ដល់ជីវិតនិងបង្ករបួសពលរដ្ឋដែលបានដើរលេងនៅក្នុងបរិវេណទីបុរាណដ្ឋាននេះមួយចំនួនផងដែរ ហើយក៏ត្រូវបានសមត្ថកិច្ចយកចិត្តទុកដាក់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកនៅខេត្ត។
នេះគឺជាគ្រោះធម្មជាតិដែលបានកើតមានឡើងកាលពីរសៀលម៉ោងប្រមាណ៤ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលខេត្តនេះឧស្សាហ៍ ជួបប្រទះនូវបាតុភូតធម្មជាតិជាខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅស្ទើរទូទាំងខេត្ត បណ្ដាលឲ្យប៉ះពាល់ផ្ទះសម្បែង រងរបួសមនុស្ស និងដួលដើមឈើជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងគ្រោះធម្មជាតិបែបនេះគឺគ្មាននរណាអាចដឹង ហើយក៏មិនអាចព្យាករណ៍ឱ្យសុក្រិតបានដែរ។ មកដល់ពេលនេះខ្យល់កន្រ្តាក់ និងភ្លៀងគឺមិនអាចមានអ្វីទប់ស្កាត់បានទេ ប៉ុន្តែសម្រាប់រន្ទះគឺវិទ្យាសាស្រ្តបានរកឃើញឧបករណ៍ការពារនិងបញ្ជៀសវាបាន។
ជាការពិតនៅតាមអគារសំខាន់និងលំនៅស្ថានអ្នកដែលមានធនធាននៅពេលបច្ចុប្បន្នគេសុទ្ធតែបំពាក់ឧបករណ៍ការពាររន្ទះនេះជាច្រើនកន្លែងដែរ ដូច្នេះសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធអាចនឹងពិចាណារនៅតម្លើងឧបករណ៍នេះបាន។
សម្រាប់ការការពាររន្ទះនៅទូទាំងប្រទេសវាពិតជាមិនអាចធ្វើទៅរួចទេ ដោយសារតែវាត្រូវ ចំណាយច្រើន អស់ធនធានជាតិក៏ច្រើន ប៉ុន្តែសម្រាប់ទីបុរាណដ្ឋាននានាដែលល្បីល្បាញ ដូចជាអង្គរ និង កន្លែងនានាដែលមានទេសចរច្រើនទៅលេងគួរតែសិក្សានិងតម្លើង ការពារនៅតាមបរិវេណកន្លែងសំខាន់ៗទាំងនេះ។
ដោយឡែកសម្រាប់រមណីដ្ឋានដែលវិនិយោគដោយវិស័យឯកជននានា ក៏គួរតែបំពាក់ឧបករណ៍នេះដែរ ដើម្បីផ្តល់សុវត្ថិភាពជូនភ្ញៀវទេសចរឬក៏អតិថិជនដែលមក លេងកំសាន្តនៅតាមទីកន្លែងរបស់ខ្លួន។
កន្លែងដែលមានឧបករណ៍ការពាររន្ទះនេះ ក៏គួរតែពិនិត្យគុណភាពរបស់វាផងដែរ ហើយក៏ត្រូវតែសិក្សាអំពីកម្លាំងនៃវិសាលភាពឬដែនគ្របដណ្តប់ការពារវាដែរ ដើម្បីឲ្យពលរដ្ឋដឹងនិងកំណត់រង្វង់មានសុវត្តិភាព។
ការតម្លើងមិនមែនចេះតែតម្លើងគ្មានការសិក្សា គ្មានការវាស់ស្ទង់បច្ចេកទេសច្បាស់លាស់ឡើយ។ ការដែលតម្លើងមិនទៅតាមបច្ចេកទេសវាអាចបណ្តាលឲ្យមានបញ្ហាគ្រោះថ្នាក់ដោយមិនអាចទស្សទាយបាន។
សរុបទៅគ្រោះធម្មជាតិដែលបណ្តាលមកពីបាតុភូតអាកាសធាតុដែលអាចបង្ការបានគួរតែសិក្សា ប៉ុន្តែបាតុភូតណាដែលវិទ្យាសាស្រ្តមិនទាន់រកឃើញវិធីសាស្រ្តបង្ការនិងការពារបាន គួរតែលើកកំពស់ការប្រុងប្រយ័ត្ន ពីព្រោះពីមួយឆ្នាំទៅមួយឆ្នាំបាតុភូតអាកាសធាតុកាន់តែសាហាវ៕
Daily Program
