សង្ឃឹមថា អាកាសយាន្តដ្ឋានថ្មី បើកចំហរជើងមេឃកាន់តែទូលំទូលាយ !

អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ដែលទើបតែដំណើរការនឹងក្លាយជាច្រកដែលអាចនឹងបើកចំហរជើងមេឃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាឲ្យកាន់តែទូលំទូលាយជាងពេលបច្ចុប្បន្ន បើមិនដូច្នេះទេ យើងអាចខាតបង់ច្រើន។
អាកាសយានដ្ឋាននេះ អាចជាប់លំដាប់ខ្ពស់មួយនៅលើពិភពលោកនិងតំបន់។ អាកាសយានដ្ឋាននេះ គឺជាអាកាសយានដ្ឋានទំនើប មានផ្ទៃដីធំទូលាយពោលគឺប្រមាណជា ២.៦០០ ហិកតា។ វាគឺជាអាកាសយានដ្ឋានប្រភេទ ៤F ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។
នេះគឺជាសមិទ្ធផលធំធេងណាស់ ប៉ុន្តែនៅក្នុងករណីយើងមានតែព្រលានធំខ្វះការធ្វើទីផ្សារ ខ្វះការខិតខំ ខ្វះយុទ្ធសាស្រ្តទាក់ទាញទេសចរណ៍ នោះយើងអាចនឹងខ្ជះខ្ជាយថវិកានៅក្នុងការកសាងនិងវិនិយោគ អាកាសយានដ្ឋាននេះមិនខាន។ ដូច្នេះគ្រប់ផ្នែកពាក់ព័ន្ធត្រូវតែពង្រឹងនិងធ្វើកិច្ចការឲ្យកាន់តែខ្លាំងក្លា ដើម្បី យើងអាចសម្រេចបានតាមការចង់បានរហូតដល់យើងសាងសង់អាកាសយានដ្ឋាននេះឡើង។
ចំណុចមួយដែលយើងគួរគិតដែរនោះ គឺដោះស្រាយបញ្ហាអសកម្ម ករណីដូចជាការកកស្ទះផ្លូវ ដែលប៉ុន្មានថ្ងៃនេះមានការបង្ហោះព្រោងព្រាតថា ផ្លូវបានកកស្ទះណែន ព្រោះតែពលរដ្ឋសម្រុកធ្វើដំណើរទៅកាន់ទីនោះ ដោយសារតែការចង់ឃើញសមិទ្ធផលថ្មីរហូតដល់ធ្វើឲ្យខកជើងយន្តហោះរបស់អ្នកដំណើរមួយចំនួន។
កាលនៅអាកាសយានដ្ឋានចាស់និងអាកាសយានដ្ឋាននៅសៀមរាប និងខេត្តព្រះសីហនុ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា គិតត្រឹមខែកក្កដា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ ដែលយើងអាចហៅថា ក្រុមហ៊ុនយន្តហោះ ក្នុងស្រុក និងអន្តរជាតិសរុបចំនួន ៣១។ ដោយបានដំណើរការជើងហោះហើរសរុបចំនួន ៣៧.៤៩២ ជើង ជាមួយនឹងអ្នកដំណើរអន្តរជាតិចំនួន ៤,០៨ លាននាក់។
ចំនូននេះនៅឆ្ងាយពីគោលដៅនៅឡើយទេ ដូច្នេះយើងខ្ញុំគិតថា យើងគួរតែខិតខំឃោសនា និង ព្យាយាមទាក់ទាញជើងហោះហើរពីប្រទេសនានា ឲ្យកាន់តែច្រើនឡើងថែមទៀត។ យើងមានអាកាសយានដ្ឋានថ្មី ដូច្នេះ យើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងធ្វើយ៉ាងណាឲ្យលុយដែលយើងចាយទៅហើយមានប្រសិទ្ធភាព និង ផលប្រយោជន៍ដល់ជាតិពិតប្រាកដ។
យើងមានអាកាសយានដ្ឋានធំ ធ្វើអស់លុយច្រើន ប៉ុន្តែបើយើងប្រមូលផលឬទាញផលមិនអស់ពីសក្តានុពល វាពិតជារឿងដែលគួរឲ្យយើងសោកស្តាយ។
សូមខំទាំងអស់គ្នា តាំងពីប្រជាជនយើងទាំងអស់គ្នាឡើងទៅ។ ប្រជាជនយើងសូមប្រឹងប្រែងផ្សព្វផ្សាយនូវអ្វីដែលជាចំណុចវិជ្ជមាន ការអភិវឌ្ឈន៍ ហើយអ្នកជំនាញគួរធ្វើនេះធ្វើនោះបើកទីផ្សារ បើកឱកាស សម្រួលនេះសម្រួលនោះ ធ្វើយ៉ាងណាក៏ដោយឲ្យយើងមានទាំងព្រលានហើយ យើងក៏មានការរីកចម្រើន ផ្នែកសេវាកម្មនេះបន្ថែមទៀត៕
Daily Program
