គម្រោងវិនិយោគមិនងាយស្រួល ដោយគ្រាន់តែទាក់ទងគ្នាតាមបណ្តាញសង្គមឡើយ!

វាមិនមែនជារឿងថ្មី! តែពលរដ្ឋកម្ពុជានៅតែបន្តចាញ់បោកជនខិលខូចតាមរយៈរូបភាពការវិនិយោគអនឡាញ។
បងប្អូនគម្រោងវិនិយោគនីមួយៗមុននឹងគេទម្លាក់ថវិកាមួយកញ្ចប់ៗ គឺទាមទារឯកសារនិងការសិក្សា យ៉ាងលំអិតមិនមែនស្រួលៗហើយមើលទៅងាយស្រួលដូចជាក្រុមជនខិលខូចបានព្យាយាមបញ្ចុះបញ្ចូលបងប្អូននោះទេ។
យោងតាមព័ត៌មានដែលទទួលបានពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ថ្មីៗនេះ ពោលគឺ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នាយកដ្ឋាន បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីឆបោកប្រាក់ក្រោមរូបភាពវិនិយោគតាមអនឡាញ។
ក្រោយការស្រាវជ្រាវនិងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នកធ្វើសកម្មភាពទទួល និងផ្ទេរប្រាក់ឆបោកពីជនរងគ្រោះជាបន្ដបន្ទាប់ ហើយទទួលបានផលប្រយោជន៍ពីអំពើទុច្ចរិតនេះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
មកដល់ពេលនេះមិនដឹងថា សមត្ថកិច្ចអាចវែកមុខឧក្រិដ្ឋជនឬជនសង្ស័យផ្សេងៗទៀតនៅឡើយទេ ប៉ុន្តែគេដឹងថា បណ្តាញក្រុមនេះនៅតែសកម្ម ហើយក៏នៅតែបន្តធ្វើសកម្មភាពជាបន្តបន្ទាប់ តាមរូបភាពផ្សេងៗ ហើយប្រសិនបើយើងប្រហែស ឬមានចិត្តលោភលន់ តែបន្តិចក្រុមនេះដឹងតែធ្វើសកម្មភាពភ្លាមៗតែម្តង។
នៅក្នុងបញ្ហានេះ នាយកដ្ឋានជំនាញនេះ ក៏បានចេញសារក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងពិចារណាឱ្យបានហ្មត់ចត់ទៅលើការដាក់ប្រាក់វិនិយោគតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍នានាក្រោមការឆបោកពីជនអនាមិក។
លុយនៅពេលនេះមួយកាក់មួយសេនមានតម្លៃណាស់ ពីព្រោះវាស្ថិតនៅក្នុងដំណាក់កាលដែលកំពុងតែស្តារពីកូវីដ១៩ ក៏ដូចបញ្ហាដែលកើតនៅលើពិភពលោក ក៏ដូចជានៅក្នុងប្រទេសជាបន្តបន្ទាប់។ នៅពេលដែលលុយពិបាករក យើងខ្វះការគិតចាញ់បោកក្រុមនេះគឺជាការខាតបង់។
សរុបទៅសូមកុំលោភលន់ខុសតម្រា! សូមប្រឹងប្រែងរកស៊ីតាមសមត្ថភាពកុំចង់បានរបស់គេ។ តែយើងលោភលន់ ចង់បានរបស់គេភ្លាមៗងាយៗ យើងនឹងអាចរងគ្រោះពីព្រោះតែខ្លួនយើង ដូច្នេះយើងគួរតែ ប្រុងប្រយ័ត្ន៕
Daily Program
