ទារុណភាពនៃគ្រឿងញៀននិងគ្រឿងស្រវឹងកើតមានទៀតហើយ!

ព្រោះតែគ្រឿងស្រវឹង បូកផ្សំនិងឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនមនុស្ស២នាក់បាត់បង់ជីវិតនិងម្នាក់របួសធ្ងន់ បានកើតមានឡើងជាថ្មីនៅកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន និង ការប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិតគ្រប់គ្រងខ្លួនឯង ។
ទារុណភាពនៃករណីនេះបានកើតមានឡើងនៅវេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅភូមិមួយនៅក្នុង ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ អំពើដ៏ឃោឃៅនេះ បានបង្កឡើងដោយបុរសវ័យ២៥ឆ្នាំម្នាក់ដោយសារស្រវឹងស្រានិងរងឥទ្ធិពលគ្រឿងញៀន។
តាមរបាយការណ៍របស់នគរបាលប៉ុស្ដិ៍មានជ័យ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ បានឲ្យដឹង បុរសដែលជាជនដៃដល់ជាសា្វមីរបស់ស្រ្តីហើយក៏ត្រូវជាឪពុករបស់ទារិកាអាយុ៩ខែ និង ត្រូវជាពូរបស់កុមារីអាយុ៣ឆ្នាំម្នាក់។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុបុរសជាជនដៃដល់មានអាការៈស្រវឹងស្រា ហើយក៏ជាជនដែលធ្លាប់មានប្រវត្តិប្រើប្រាស់គ្រឿងញៀន។ នៅថ្ងៃនោះស្រ្តីរងគ្រោះនិងបុរសជាជនដៃដល់មានទំនាស់នឹងគ្នា ហើយជនដៃដល់ ក៏បានយកកូនកាំបិតចុងស្រួចប្រភេទកាំបិតចិត្តបន្លែ អារ កប្រពន្ធនិងកូនស្រីបណ្ដាលអោយស្លាប់នៅមុខផ្ទះ ហើយទៅ អារ ក ក្មួយស្រីម្នាក់ទៀត ឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
នេះគឺជាសក្ខីកម្មដ៏ប្រត្យក្សសម្រាប់បង្ហាញដល់យើងទាំងអស់គ្នាថា គ្រឿងញៀននិងគ្រឿងស្រវឹងនេះ មិនល្អឡើយ ។ ឃើញទេ ព្រោះតែវា យើងក្លាយជាឃាតករសម្លាប់ប្រពន្ធនិងកូន ព្រមទាំងក្មួយ ។ ផ្អែកតាមរូបភាពនេះ ទោះជានៅក្នុងស្ថានភាពណាក៏ដោយគឺត្រូវតែនិយាយថាទេចំពោះគ្រឿងញៀន ហើយកុំយកខ្លួនទៅពាក់ព័ន្ធនឹងវា ។
គ្រឿងញៀននិងគ្រឿងស្រវឹងនេះនៅពេលដែលយើងប្រើប្រាស់វាដល់កម្រិតគឺគ្មានស្គាល់នរណាទេ ហើយក៏គ្មានចិត្តគ្មានមនសិការជាមនុស្សដែរ ។ រស់នៅក្រោមឥទ្ធិពលនៃគ្រឿងញៀន និង គ្រឿងស្រវឹង យើងអាចលើកដៃសម្លាប់សូម្បីស្រ្តីដែលជាភរិយាដែលយើងឱបនឹងដើមទ្រូង ហើយក៏លើកដៃទៅប្រកាសជិវិតកូនស្រីដែលចាប់កំណើតដោយក្តីប្រតិព័ទ្ធរបស់យើង ថែមទៀត ។
ការប្រើប្រាស់គ្រឿងញៀនគឺមានតែធ្វើឲ្យយើងវិនាស មិនស្គាល់បាបបុណ្យ មិនស្គាល់សាច់ញាតិ គឺមានតែអំពើឆ្កួត គ្មានសតិ រស់នៅប្រៀបបាននឹងសត្វ ហើយពេលខ្លួះអន់ជាងសត្វផង ។ សូមកុំយកខ្លួនក្បែរនឹងគ្រឿងញៀន ហើយអ្នកដែលធ្លាប់ពាក់ព័ន្ធសូមផ្តាច់វាចេញជាបន្ទាន់នៅមុនវិនាសកម្មនៅក្នុងគ្រួសារកើតឡើងដូចជាករណីនេះបន្តទៀត៕
Daily Program
