ចំណងអាពាហ៍ពិពាហ៍គួរតែថែរក្សា និងដើរដល់ចុងបញ្ចប់នៃជីវិត!
ក្តីស្រលាញ់របស់មនុស្សមានច្រើនប្រភេទច្រើនយ៉ាង ប៉ុន្តែក្តីស្រលាញ់ដែលមានលក្ខណៈជាភេទសម្ព័ន្ធគួរតែជាចំណងដែលបុរស និងនារីគួរតែថែរក្សានិងបំប៉នរហូតដល់ទីអវសាន្តនៃជីវិត រៀងៗខ្លួន។
ក្តីស្រលាញ់អាចចាត់ទុកថា ជាសភាវគតិពីព្រោះតាំងពីកើតមករហូតដល់ស្លាប់ទៅវិញមនុស្សណាក៏ចេះយំ ចេះសើច ចេះកើតទុក្ខនិងចេះសប្បាយរីករាយ ហើយក្តីស្រលាញ់ក៏ដូចគ្នា។ ក្តីស្រលាញ់នេះ ត្រូវបានគេអះអាងថា វាមាននៅក្នុងញាណរបស់មនុស្សតាំងពីនៅក្នុងផ្ទៃ ហើយចេញពីផ្ទៃពោះមកម្ល៉េះ។
នៅពេលចេញពីផ្ទៃពោះទារកក៏សន្សំក្តីស្រលាញ់មាតាបិតា អាណាព្យាបាល សាច់ញាតិ ហើយដល់ចំរើនវ័យធំបន្តិចក៏ចាប់ផ្តើមមានក្តីស្រលាញ់ក្តីស្អប់ច្រណែនទន្ទឹមគ្នា ហើយនៅក្នុងនោះក្តីស្រលាញ់នេះក៏បន្តរីកចំរើនដល់ស្រលាញ់មិត្តភក្ដិ រហូតដល់រូបរាងកាយពេញវ័យ ដែលគេហៅថា ពេញកម្លោះក្រមុំនោះ ក៏ចាប់ផ្តើមមានគំនួចចិត្តជាក្តីស្រលាញ់តាមបែបភេទសម្ព័ន្ធ។
ក្តីស្រលាញ់ភេទសម្ព័ន្ធនេះ ប្រសិនបើមនុស្សមិនមានការអប់រំតាមផ្លូវសីលធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងច្បាប់របស់ប្រទេសជាតិទេនោះគឺពិតជាពិបាកមានព្រំដែនណាស់ គឺវាដូចជាសត្វដូច្នេះដែរ។
ក្តីស្រលាញ់តាមភេទសម្ព័ន្ធជាសត្វនេះ គឺដឹងតែត្រូវការនៅពេលដែលវាដល់ខែដល់ឆ្នាំដល់ពេលវេលារបស់វា ប៉ុន្តែមនុស្សយើងខុសពីសត្វពីព្រោះយើងមានមនសិការ ចេះត្រិះរិះពិចារណានិងថ្លឹងថ្លែង។
ព្រះជាម្ចាស់បានបង្កើតមនុស្សជាបុរសនិងស្ត្រី ឲ្យមានលក្ខណៈដូចព្រះអង្គ (កណ១,២៧) ព្រះអង្គបានឲ្យគេបង្កើតកូនចៅបន្តពូជពង្សរហូតមកដល់សព្វថ្ងៃនេះ។ ព្រះអង្គបានឲ្យពួកគេចេះស្មោះត្រង់នឹងគ្នាទៅវិញទៅមក បង្កើតគ្រួសារដោយមានសុភមង្គល។
ចំណងមេត្រីភាពដែលព្រះជាម្ចាស់បានចងជាមួយមនុស្សបានបន្តអស់កល្បជានិច្ច។ ដូច្នេះប្តីនិងប្រពន្ធត្រូវរក្សាសម្ព័ន្ធភាពនេះ។ អ្នកដែលបំបែកបំបាក់សម្ពន្ធមេត្រីនេះ នឹងត្រូវរងទុក្ខទោសជាមិនខាន ព្រោះនេះជាអំពើបាប។
ផ្អែកតាមចំណុចទាំងនេះ យើងទាំងអស់គ្នាគួរតែរិះគិតអោយច្បាស់លាស់ ជាពិសេសនៅមុនពេលចាប់ដៃគ្នាចងសម្ព័ន្ធនៃក្តីស្រលាញ់តាមទំនាក់ទំនងជាភេទសម្ព័ន្ធនេះ។
តាមកត្តាសង្គម និងប្រពៃណីក៏ដូចជាវប្បធម៌របស់ជាតិសាសន៍ខ្មែរគឺអោយតម្លៃ និងពូនជ្រុំចំណងមេត្រីលើក្តីស្រលាញ់តាមភេទសម្ព័ន្ធនេះខ្លាំងណាស់ ដូច្នេះនៅមុនពេលដែលសម្រេចចិត្តចងសម្ព័ន្ធភាពក្តីស្រលាញ់បែបនេះគួរតែសិក្សា និងថ្លឹងថ្លែងមើលចិត្តមើលថ្លើមគ្នាអោយច្បាស់លាស់កុំឃើញភ្លាមចាប់ចិត្តពូនមេត្រីភ្លាមៗ បន្ទាប់មកក៏បែកបាក់គ្នា។
សរុបមកវិញសូមលើកកំពស់និងថែរក្សាពូនជ្រុំភេទសម្ព័ន្ធនេះអោយបានគត់មត់ ហើយដៃគូ ត្រូវចេះសហការគ្នា ដើម្បីរិះរកផ្លូវទៅកាន់សុភមង្គល៕