គ្រោះថ្នាក់មើលមិនឃើញ ប៉ុន្តែកុំធ្វេសប្រហែសឲ្យសោះករណីគ្រោះថ្នាក់ចំពោះកុមារ
ករណីកុមាររងគ្រោះព្រោះការប្រឡែងគ្នានៅតាមសាលារៀន តាមទីកន្លែងសាធារណៈ ឬតាមកន្លែងនានាគឺជារឿងជៀសមិនផុត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលកុមារណាម្នាក់រងគ្រោះអ្នកនៅក្នុងហេតុការណ៍សូមកុំមើលស្រាលអោយសោះ។
កុមារាកុមារីតូចៗគ្នាមិនដឹងអ្វីល្អអាក្រក់ទេ ដូច្នេះចាស់ទុំនៅក្នុងគ្រួសារ សហគមន៍ ទីកន្លែងសាធារណៈនានា ជាពិសេសគឺនៅតាមសាលារៀន នៅក្នុងករណីដែលឃើញកុមារឬក្មេងៗលេងរបស់គ្រោះថ្នាក់ទាំងឡាយគួរណែនាំ និង ប្រាប់ហេតុផលដល់ពួកគេ ដើម្បីកុំអោយពួកគេលេងរបស់គ្រោះថ្នាក់ទាំងអស់នោះ។
ល្បែងខ្លះដែលមិនគួរលេង ដូចជាល្បែងលេងរុញគ្នា ធាក់គ្នាអី គឺសុទ្ធតែជាល្បែងក្មេងៗដែលមានគ្រោះថ្នាក់។ ដែលចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្ន។
នៅក្នុងករណីមានកុមារណាម្នាក់មានបញ្ហាដោយចៃដន្យ ឬ ដោយអចេតនាសូមកុំអោយមើលស្រាលសភាពរបួស។ ពេលខ្លះការមើលស្រាលរបួស ឬ ព្យាយាមលាក់លៀម ដូចជាករណីក្មេងគ្រោះថ្នាក់នៅសាលារៀនមួយ គឺអាចឲ្យក្មេងនោះមានបញ្ហាគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។
នៅក្នុងករណីគ្រូក្តី ចាស់ព្រឹទ្ធាចារ្យក្តីដែលស្គាល់អត្តសញ្ញាណក្មេងៗដែលមានបញ្ហាទាំងនោះគឺសូមជួយប្រញាប់ប្រញាល់ទាក់ទងទៅអាណាព្យាបាលរបស់ពួកគេផ្ទាល់ ដើម្បីងាយស្រួលអាចឲ្យពួកគេប្រញាប់យកកុមារដែលមានបញ្ហារបួសស្នាមទៅមន្ទីរពេទ្យសង្រ្គោះបានទាន់ពេល។
ម្យ៉ាងវិញទៀត ឪពុកម្តាយកុមាររងគ្រោះសូមកុំយកបញ្ហានេះជាការចង់គំនុំ ពីព្រោះក្មេងពិតជាមិនដឹងអ្វីនោះទេ។ ហើយម្យ៉ាងវិញទៀត អាណព្យាបាលកុមារដែលបង្កក៏គួរតែភ្ញាក់រលឹក សូមទោស ឬចូលរួមសកម្មភាពសមាណចិត្តនៅក្នុងនាមជាចាស់ជាទុំនៅក្នុងគ្រួសារ។ មិនមានកូនរបស់យើងបង្ករបួសស្នាមគេហើយ ប្រឹងនិយាយយកឈ្នះគេនោះទេ។
សរុបទៅកុមារតូចៗមិនដឹងអ្វីទេ ដូច្នេះជាចាស់ជាទុំ ជាគ្រូនៅពេលដែលបានឃើញកុមារៗលេងវត្ថុឬល្បែងណាដែលគ្រោះថ្នាក់គួរតែ ណែនាំពួកគេ ដោយការស្រលាញ់។ នៅក្នុងករណីគ្រោះថ្នាក់ចៃដន្យសូមប្រញាប់រាយការណ៍ ឬ សង្រ្គោះភ្លាមៗដល់កុមាររងគ្រោះកុំចាំហេតុផលនេះហេតុផលនោះ ពីព្រោះការរង់ចាំនេះហើយ ដែលអាចឲ្យហួសពេល៕