កំណើនអ្នកខ្ចីលុយស្ថាប័នហិរញ្ញវត្ថុតិចទេ ប៉ុន្តែអ្នកជំពាក់វិញមិនតិចឡើយ !

ធនាគារជាតិនៃកម្ពុជាបានអះអាងថា កាលពីឆ្នាំ២០២៤កន្លងទៅនេះកំណើនអ្នកខ្ចីលុយស្ថាប័នហិរញ្ញវត្ថុមានចំនួនតិចប៉ុណ្ណោះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចំនួនអ្នកខ្ចីសរុបគឺមានច្រើនគួរសម ស្ថានភាពនោះមិនជាអ្វីទេ អ្វីដែលជាសញ្ញាព្រួយបារម្ភគឺអត្រាកើនឡើងនៃចំនួនអ្នកខ្ចីមានបញ្ហាអំពីការសងប្រាក់។
របាយការណ៍ប្រចាំឆ្នាំ២០២៤និងទិសដៅឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជាដែលគេដឹងថា គឺជាស្ថាប័នអាណាព្យាបាលវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាបានឲ្យដឹងថា ពេញមួយឆ្នាំកន្លងទៅទំហំគណនី ឥណទាន ដែលតំណាងដោយពលរដ្ឋជាអ្នកខ្ចីប្រាក់គឺមានកំណើន២,៧ភាគរយ ដែលនាំឲ្យអ្នកដែលជំពាក់ធនាគារ មានរហូតដល់ទៅ៤លានគណនី។
នៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាសរុបជាង ១៧ លាននាក់ អ្នកដែលជាប់បំណុលធនាគារត្រឹមតែ ៤ លាននាក់ មិនមានអ្វីដែលច្រើននៅឡើយទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលគួរតែបារម្ភគឺកំណើននៃអ្នកដែលមានបញ្ហាសងបំណុល ដែលភាសាបច្ចេកទេសនៅក្នុងធនាគារគេហៅថា អត្រានៃឥណទានមិនដំណើរការ។
ធនាគារជាតិនៃកម្ពុជាបានអះអាងថា ទំហំឥណទានមិនដំណើរការនៅក្នុងឆ្នាំ២០២៤ បានឡើងដល់៧,៩ភាគរយសម្រាប់ស្ថាប័នធនាគារពាណិជ្ជ និង ៩ ភាគរយ សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ នៅក្នុងស្ថានភាពបែបនេះឃើញថា ពលរដ្ឋកម្ពុជាដែលមានបញ្ហាសំណងត្រឡប់ថ្លៃដើមដែលពួកគេជំពាក់ស្ថាប័នហិរញ្ញវត្ថុឃើញថា កើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ស្ថាប័ននេះបានលើកឡើងថា កម្រិតនៃឥណទានមិនដំណើរការនេះនៅក្នុងស្ថានភាពដែលគ្រប់គ្រងបាននៅឡើយ។
សម្រាប់ធនាគារជាតិនៃកម្ពុជាគិតថា អាចគ្រប់គ្រងបាន ប៉ុន្តែពលរដ្ឋដែលជំពាក់សូមប្រុងប្រយ័ត្នជាពិសេសគឺរឹតបន្តឹងការចំណាយហើយក៏ត្រូវតែប្រុងប្រយ័ត្នដែរ រឿងយកបំណុលមកសងបំណុល។
ទង្វើយកបំណុលមកសងបំណុលនេះ គឺហានិភ័យខ្ពស់ណាស់ ជាពិសេសប្រសិនបើបងប្អូនទៅរកអ្នកចង់ការក្រៅប្រព័ន្ធ ឬក្រុមកម្ចីអនឡាញ ដែលកំពុងតែបង្កបញ្ហាឈឺក្បាល។
នៅក្នុងករណីដែលបងប្អូនមានបញ្ហាអំពីការសងបំណុល និងដើម្បីកុំអោយធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលវណ្ឌក គឺព្យាយាមតស៊ូនិងចរចារជាមួយនឹងស្ថាប័នធនាគារជាផ្លូវការ ដោយស្នើសុំពន្យារពេលសង ឬ ក៏ពិភាក្សាតាមស្ថានភាពជាក់ស្តែង។ នៅក្នុងករណីបងប្អូនទៅរកពួកកម្ចីអនឡាញដែលគេចាត់ទុកថា ជាជនសង្គមងងឹតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុគឺនឹងរងគ្រោះកាន់តែធ្ងន់ធ្ងរ។
សរុបទៅសូមប្រុងប្រយ័ត្នខ្ពស់ ក្នុងស្ថានភាពមិនចាំបាច់ជាពិសេសគឺការចំណាយលើអ្វីដែលជាការចំណាយលើសំភារៈនិយមដូចជាយានជំនិះ ឡូយឆាយមកចាយហ៊ឺហារ កុំតាមសំភារៈនិយមកុំអីល្អជាង ប៉ុន្តែប្រសិនបើខ្ចីគេ គឺត្រូវយកលុយទៅបង្កើតលុយតាមរយៈការបង្កើតមុខរបរសុចរិត មានការសិក្សាត្រឹមត្រូវ វានឹងធ្វើឲ្យស្ថានភាពប្រែប្រួលទៅវិជ្ជមានបាន៕
Daily Program
