កុំឆ្លៀតឱកាសកើបផលពេល ពលរដ្ឋមួយប្រទេសកំពុងតែលំបាក !
នៅពេលដែលប្រទេសជាតិ កំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងនិងទុក្ខលំបាក បណ្តាលមកពីការប៉ះទង្គិចនៅព្រំដែនដែលកំពុងតែរីកជាលំដាប់ មានចលនានិងសកម្មជនមនុស្សធម៌ជាច្រើនបានកើតមានឡើងនៅទូទាំងប្រទេស ហើយនៅក្នុងចំណោមនោះក៏អាចមានជនឆ្លៀតឱកាសដែរ។
នៅលើបណ្តាញសង្គម នៅក្នុងខណៈពេលដែលចលនាជាតិនិយមបានដុតនិងទាក់ទាញចំណាប់អារម្មណ៍ពីប្រជាពលដ្ឋគ្រប់ស្រទាប់វណ្ណៈ ប្រជាជនសឹងតែគ្រប់សមាសភាពបាននាំគ្នាពពាក់ពពូនបរិច្ចាគជាថវិកា ជាធនធាន ជាសំភារៈ ជាស្បៀងអាហារជាបន្តបន្ទាប់ ដើម្បីផ្តល់ជូនវីរៈកងទ័ពដែលកំពុងប្រចាំការនិងប្រយុទ្ធយ៉ាងស្វិតស្វាញនៅសមរភូមិជួរមុខ ដើម្បីទប់ទប់នឹងការឈ្លានពានពីសំណាក់យោធាថៃ។
នៅក្នុងស្ថានភាពនេះ នៅតាមស្ថាប័នក្រសួងមន្ទីរគឺមានសកម្មភាពនេះផុលផុស ហើយមជ្ឈដ្ឋានរបស់ប្រជាជនក៏ផុលផុសខ្លាំងដែរ។
ទន្ទឹមនិងស្ថានភាពនិងទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងតែក្តៅគគុកនេះ ក៏មានអ្នកខ្លះអាចជាជនឆ្លៀតឱកាស គឺដោយពួកគេប្រើប្រាស់រូបភាពបោកបញ្ឆោតផ្សេងៗ។ ពួកគេអាចប្រើប្រាស់រូបភាពបងប្អូនជនភៀសសឹក រូបភាពបងប្អូនវីរកងទ័ពដែលរបួសពិបាក ហើយបង្ហោះជាមួយនឹងសារអំពាវនាវសុំជំនួយ ហើយដាក់QR code នៅពីក្រោមសារនោះ។
ក្រុមអ្នកដែលកំពុងតែធ្វើបែបនេះគឺមានច្រើន ហើយនៅក្នុងនោះមិនទាំងអស់ទេ គឺមានអ្នកដែលស្មោះត្រង់ហើយពិតជាចង់ជួយបងប្អូនដែលកំពុងតែជួបទុក្ខលំបាកនិងសេចក្តីវេទនាដែលឃ្លាតពីទ្រនំ ពី ផ្ទះសម្បែងចោលមុខរបរនិងទ្រព្យសម្បត្តិ ក៏ដូចជាបងប្អូនវីរៈកងទ័ពដែលកំពុងតែយកសាច់ស្រស់ឈាមស្រស់ពាំងគ្រាប់កាំភ្លើងពីទាហានឈ្លានពាន ដើម្បីការជាតិជាតិ និង បូរណភាពទឹកដីពិតប្រាកដមែន។ ដូច្នេះ មុននឹងបរិច្ចាគ សូមទំនាក់ទំនងនិងគិតគូរឲ្យបានល្អ ជាពិសេសលើបណ្ដាញសង្គមដែលមានប្រភពមិនច្បាស់លាស់។
ក្រុមបុគ្គលដែលកំពុងតែប្រពឹ្រត្តបែបនេះគួរតែបញ្ឈប់ទៅ ហើយភ្ញាក់រលឹកយកធនធាននិងទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋដើម្បីបង្កើតកញ្ចប់មូលនិធិសប្បុរសពិតប្រាកដ ជួយបងប្អូនយើងដែលកំពុងតែវេទនាឲ្យបានពិតប្រាកដវិញប្រសើរជាង។
នៅក្នុងអំឡុងពេលនេះ យើងមិនគួរឆ្លៀតឱកាសនោះទេ គឺគួរតែរួបរួមគ្នាជួយគ្នាដោយអស់ពីចិត្តពីថ្លើម។ ពេលនេះមិនមែនជាពេលដែលត្រូវគិតប្រយោជន៍សួនតួនោះទេ គឺជាពេលត្រូវជួយគ្នា រួមសាមគ្គីគ្នា។ បងប្អូនដែលធ្លាប់មានបំណងបែបនេះ សូមកែប្រែចិត្តគំនិតនិងរិះគិតអំពីសកម្មភាពដែលជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការជំនួយពិតប្រាកដ។ សូមគិតអំពីប្រយោជន៍ជាតិជាធំ៕