ការសម្ងាត់កងទ័ពគឺត្រូវបន្តរក្សានិងការពារឲ្យបានល្អ !
ទោះបីជាពេលនេះគឺជាពេលវេលានៃការអនុវត្តបទឈប់បាញ់ក៏ពិតមែន ប៉ុន្តែសម្រាប់ព័ត៌មានកងទ័ព ដាច់ខាតត្រូវតែការពារនិងមិនត្រូវចែករំលែកជាដាច់ខាត ដើម្បីកុំអោយ បច្ចាមិត្តដឹង។
ការប្រុងប្រយ័ត្ននេះ គឺដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ដែលចាំបាច់និងសំខាន់បំផុត។
យើងទាំងអស់គ្នា គួរតែគោរពតាមការអំពាវនាវជាថ្មីរបស់ ក្រសួងការពារជាតិដោយបានស្នើសុំសូមឱ្យយើងទាំងអស់គ្នា បញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន វីដេអូ សារសំឡេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់។
អ្វីៗដែលនាយទាហាន នាយទាហានរង ពលទាហាន និងសាធារណជនទាំងអស់ត្រូវតែប្រុងប្រយ័ត្ននោះ គឺរួមមាន ផែនទី ទីតាំងឈរជើង លេណដ្ឋាន(ត្រង់សេ) ជំរំ សព្វាវុធ ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព។
ដូចនេះសូមលើកកំពស់ការប្រុងប្រយ័ត្នហើយគួរតែរិតត្បិតដោយខ្លួនឯងនូវការលេងនិងចែកចាយនូវរូបភាពផ្សេងៗអំពីអ្វីដែលរៀបរាប់ខាងលើ នៅតាម តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook TikToK Youtube បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត។
រាល់ការលេងតាមបណ្តាញសង្គម វានាំឲ្យអោយកម្លាំងអមិត្តអាចដឹងនិងអាចសិក្សារកទីតាំងរកទីកន្លែងដែលយើងកំពុងតែលេង និង បង្ហាញនេះឲ្យច្បាស់លាស់។
ពេលខ្លះយើងមិនមានចេតនាអាក្រក់ទេ ប៉ុន្តែការលេងជ្រុលរបស់យើងបង្ករឲ្យមានបញ្ហា ដល់ជាតិនិងប្រជាជន របស់យើងដោយចៃដន្យ។ ពីព្រោះនៅពេលនេះសម័យបច្ចេកវិទ្យាព័ត៌មាន និង បញ្ជាសិប្បនិម្មិត ដូច្នេះគេអាចចាប់ទីតាំងហើយបាញ់ប្រហារមកយើងភ្លាមៗ។
សរុបទៅនៅពេលនេះសូមបន្តលើកកំពស់ការប្រុងប្រយ័ត្នបន្តទៀត ។ ពេលនេះគឺគ្រាន់តែជាពេលវេលាបន្តសាកល្បងភាពខ្លាំងនិងការអត់ធ្មត់របស់យើងបន្តទៀត ដើម្បីការពារដែនអធិបតេយ្យភាពជាតិ របស់យើងឲ្យគង់វង្សទាំងអស់គ្នា។ សូមយកចិត្តទុកដាក់និងពង្រឹងការប្រុងប្រយ័ត្នជាប់ជាប្រចាំ ដើម្បីកុំអោយជាតិយើងរងគ្រោះព្រោះតែការលេងមិនចេះគិត របស់យើង។ ម្យ៉ាងវិញទៀតពេលនេះក៏ជាពេលអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលភាគីទាំងពីរកំពុងតែប្រុងប្រយ័ត្នរៀងខ្លួន ហើយការលេងនិងចែក រំលែកផ្តេសផ្តាស់វាអាចនឹងនាំឲ្យមានការយល់ច្រឡំគ្នា នាំឲ្យមានបញ្ហាជាថ្មី៕