NEA នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជិត៨០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១៣ សម្រាប់ផ្តល់ជូនយុវជន
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
យោងតាម NEAបានឱ្យដឹងថា ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។
លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយរបស់ធនាគារ AEON បានលើកឡើងថា NEA តែងតែផ្តល់ឱកាសដល់ធនាគារ AEON ចូលរួមក្នុងវេទិកាផ្សេងៗដែល NEA រៀបចំមិនថាជាវេទិកាការងារ ពិព័ណ៌ការងារ ឬកិច្ចសម្ភាសការងារជាដើម។
លោកបញ្ជាក់ថា ៖ «ព្រឹត្តិការណ៍ដែល NEA រៀបចំឡើងគឺពិតជាបានរួមចំណែកធំធេងណាស់ក្នុងការជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក»។
លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ លោកក៏សូមថ្លែងអំណរអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ធនាគារ AEON ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀត ក្នុងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។
លោក រ៉េត សាគា បានអំពាវនាវចំពោះយុវជនដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារសូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន នឹងមកចូលរួមនៅវេទិការងារការងារថ្ងៃទី២៥ ខាងមុខនេះឱ្យបានច្រើនកុះករ៕