Missio Aachen បញ្ជាក់ជាថ្មីពីដៃគូសហការជាមួយ FABC និងលើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងស្រុក
នៅក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅសណ្ឋាគារ Mulia ក្រុងហ្សាការតា កាលពីថ្ងៃទី ២៣ ខែកក្កដា ស្ថាប័នបេសកកម្មកាតូលិក មីស្យូ អែឆិន (Missio Aachen) ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រព្រះសហគមន៍នៅអាស៊ី ដោយផ្អែកលើទំនុកចិត្ត គោលការណ៍ជំនួយបន្ថែម និងភាពជាស៊ីណូដាល។
លោកស្រីការីណា ស្ត្រាកខ៍ (Karina Struck) មន្ត្រីនាយកដ្ឋានបេសកកម្មអន្តរជាតិនៃស្ថាប័នមីស្យូ អែឆិន បានថ្លែងទៅកាន់ថ្នាក់ដឹកនាំព្រះសហគមន៍ថា បេសកកម្មរបស់ព្រះសហគមន៍កាន់តែរឹងមាំ នៅពេលដែលដៃគូអន្តរជាតិធ្វើការ «ទន្ទឹមគ្នា» ជំនួសឱ្យការធ្វើជា «អ្នកត្រួតត្រា» លើព្រះសហគមន៍ក្នុងស្រុក។
អ្នកស្រីបាននិយាយថា «យើងរំឭកឡើងវិញដោយក្តីដឹងគុណចំពោះដំណើរផ្លូវដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានផ្លែផ្កាជាមួយ FABC។ យើងសូមអរគុណដោយស្មោះចំពោះទំនុកចិត្ត ការប្តេជ្ញាចិត្ត និងកិច្ចសហការដែលជាសម្គាល់នៃដៃគូរបស់យើងជាច្រើនឆ្នាំមកនេះ»។
និយាយអំពីតួនាទីមិនអាចជំនួសបានរបស់ព្រះសហគមន៍ក្នុងស្រុក អ្នកស្រីការីណាបន្ថែមថា «វត្តមានរបស់អស់លោកនៅក្នុងសហគមន៍ក្នុងស្រុក និងការលះបង់ចំពោះអ្នកដែលត្រូវការជំនួយបំផុត ធ្វើឱ្យអស់លោកក្លាយជាដៃគូដែលមិនអាចជំនួសបាន ក្នុងការនាំយកសេចក្តីសង្ឃឹម និងកិត្តិយសថ្លៃថ្នូរជូនដល់ប្រជាជនជាច្រើន»។
ក្នុងនោះដែរ អ្នកស្រីបានរំលឹកឡើងវិញអំពីការស្តាប់ និងការពង្រឹងចក្ខុវិស័យរួមគ្នា ជាមួយFABC ដែលនឹងចូលរួមលើកកម្ពស់ជីវិតជាច្រើន។ អ្នកស្រីបានលើកឡើងថា «មហាសន្និបាតពេញអង្គនេះផ្តល់ឱកាសដ៏មានតម្លៃសម្រាប់យើងក្នុងការស្តាប់នូវក្តីបារម្ភ គំនិត និងសេចក្តីសង្ឃឹមរបស់អស់លោក។ យើងសង្ឃឹមថាការពិភាក្សាទាំងនេះនឹងពង្រឹងចក្ខុវិស័យរួម និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភូមិភាគ និងស្ថាប័នព្រះសហគមន៍»។
ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការឲ្យមានប្រសិទ្ធភាពសម្រាប់តំបន់អាស៊ី មីស្យូ អែឆិន បានបង្កើតការិយាល័យប្រចាំតំបន់របស់ខ្លួនរួមគ្នាជាមួយ FABC នៅទីក្រុងបាងកក ប្រទេសថៃ។ ការិយាល័យនេះឆ្លុះបញ្ចាំងពីគោលការណ៍ផ្តល់អំណាច និងការទទួលខុសត្រូវកាន់តែធំដល់ព្រះសហគមន៍ក្នុងស្រុកក្នុងការកំណត់អាទិភាពបេសកកម្ម និងការធ្វើសេចក្តីសម្រេចចិត្ត។
ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ស្ថាប័ននេះ បានពង្រឹងរចនាសម្ព័ន្ធក្នុងស្រុក ដោយបង្កើនការចូលរួមរបស់ព្រះសហគមន៍នៅអាស៊ីក្នុងការពិភាក្សានយោបាយ និងការបែងចែកថវិកាជំនួយ។ វិធីសាស្ត្រនេះធានាថារាល់គម្រោងទាំងអស់ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹង «តម្រូវការជាក់ស្តែងក្នុងស្រុក» ជាជាងតម្រូវការដែលកំណត់ពីខាងក្រៅ។
Missio Aachen និងបណ្តាញសប្បុរសជនរបស់ខ្លួន នឹងបន្តរួមដំណើរជាមួយ FABC តាមរយៈការអធិស្ឋាន ការគាំទ្រហិរញ្ញវត្ថុ និងកិច្ចសហការបន្តបន្ទាប់ ដោយលើកកម្ពស់ភាពជាដៃគូដែលផ្អែកលើ «សាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នា» ជំនួសឱ្យ «ការរង់ចាំតែជំនួយ»៕