FABC ពិនិត្យឡើងវិញនូវសារចុងក្រោយ និងក្របខ័ណ្ឌ Vademecum មុនបិទអង្គប្រជុំ
នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ប្រិតភូទ្វីបអាស៊ី កាលពីថ្ងៃទី ២៥ ខែកក្កដា តំណាងប្រជុំនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) បានវាយតម្លៃលើឯកសារកេរដំណែលសំខាន់ៗចំនួនពីរ មុនពេលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃចុងក្រោយនៃមហាសន្និបាត គឺថ្ងៃទី ២៦ ខែកក្កដា។
របៀបវារៈដំបូងដែលត្រូវបានពិនិត្យឡើងវិញគឺក្របខ័ណ្ឌ Synodality Vademecum ដែលត្រូវបានបង្ហាញដោយលោកបូជាចារ្យក្លារិន ឌីវ៉ាដាស (Clarence Devadass) អគ្គលេខាធិការរងនៃ FABC និងជាលេខាធិការប្រតិបត្តិនៃការិយាល័យស៊ីណូដាល។
លោកបូជាចារ្យឌីវ៉ាដាស បានសង្កត់ធ្ងន់ថា Vademecum គឺ "មិនមែនជាឯកសារដែលបានបញ្ចប់សព្វគ្រប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃដំណើរការដ៏វែងឆ្ងាយមួយ" ដោយវាដើរតួជាធនធានជាក់ស្តែងសម្រាប់លោកអភិបាល ក្រុមបូជាចារ្យ គ្រហស្ថសាសនា និងសាសនិកជនទាំងអស់ ក្នុងការបកប្រែស្មារតីស៊ីណូដាលឱ្យទៅជាសកម្មភាពគង្វាល ជាមួយនឹងផែនការបញ្ចប់នៅឆ្នាំក្រោយ បន្ទាប់ពីមានការពិគ្រោះយោបល់ក្នុងFABC។
បន្ទាប់មក មហាសន្និបាតបានពិនិត្យមើលសេចក្តីថ្លែងការណ៍គង្វាលកិច្ចដែលមានចំណងជើងថា "អ្នករាល់គ្នានឹងបានឃើញការអស្ចារ្យជាងនេះទៅទៀត " (យ៉ូហាន ១:៥០) ដែលត្រូវបានបង្ហាញដោយប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាង គឺលោកអគ្គអភិបាលហ្គីលប៊ឺត ហ្គាសេរ៉ា (Gilbert Garcera) ជាសេចក្តីព្រាងដ៏ខ្លីខ្លឹមមាន ១០ កថាខណ្ឌ ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ក្តីសង្ឃឹម និងរៀបរាប់ពីការប្តេជ្ញាចិត្តខាងវិញ្ញាណសម្រាប់ទ្វីបអាស៊ី។
លោកអគ្គអភិបាល ហ្គាសេរ៉ា បានរៀបរាប់លម្អិតអំពីផែនការក្នុងការផ្សព្វផ្សាយសារនេះឱ្យបានទូលំទូលាយ ដោយប្រើប្រាស់ការបកប្រែ វីដេអូ ផតខាស (podcasts) អ៊ីនហ្វូហ្គ្រាហ្វិក (infographics) និងវេទិកាឌីជីថលផ្សេងៗទៀត។ តំណាងប្រជុំបានធ្វើការពិនិត្យឡើងវិញនូវកថាខណ្ឌនីមួយៗ ដើម្បីកែលម្អការយោងផ្នែកទេវវិទ្យា និងពង្រឹងការយកចិត្តទុកដាក់របស់ឯកសារលើកិច្ចសន្ទនា ការកសាងសន្តិភាព ការថែរក្សាធម្មជាតិ ការចូលរួមរបស់យុវជន និងការរួមដំណើរជាមួយប្រជាជនដែលរស់នៅឯកោ ព្រមទាំងបានបង្ហាញពីព្រះសហគមន៍នៅអាស៊ីថា ជាអ្នកកសាងស្ពានដ៏សំខាន់មួយ នៅកណ្តាលការបែកបាក់ជម្លោះ វិសមភាព និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស៕