CATUបដិសេធសេចក្តីថ្លែងការណ៍របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា
សហព័ន្ធសហជីពកម្ពុជា ហៅកាត់ថា (CATU) បានបដិសេធ ចំពោះសេចក្តីថ្លែងការណ៍របស់ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ស្ដីពីរបាយការណ៍ របស់អង្គការសង់ត្រាល់ និងសេចក្តីថ្លែងការណ៍របស់យុទ្ធនាការសម្លៀកបំពាក់ស្អាត (Clean Clothes Campaign) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ CATU នៅថ្ងៃទី២៥ ខែមិថុនានេះ បានលើកឡើងថា ៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្ពុជា (CATU) មិនដែលធ្លាប់បានចេញសេចក្ដីថ្លែងការណ៍បដិសេធ ចំពោះការរកឃើញ និងអនុសាសន៍នៅក្នុងរបាយការណ៍ របស់អង្គការសង់ត្រាល់ សហការណ៍ជាមួយកាទូ និងស៊ីខាវឌូ ម្តងណាឡើយ»។
ប្រភពដដែលបានបន្តថា សេចក្តីប្រកាសរបស់ TAFTAC ប្រហែលមានការយល់ច្រឡំ និងបានសន្មតដោយឯកឯងប៉ុណ្ណោះ ដោយភ្ជាប់ឈ្មោះ CATU។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ៖ «យើងខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធសហជីពកម្ពុជា (CATU) នៅតែគាំទ្ររបាយការណ៍ របស់អង្គការសង់ត្រាល់ ស្តីពីឧបសគ្គរារាំងភាពជាតំណាង សេរីភាពសហជីពនៅកម្ពុជា ដែលបានសហការជាមួយគ្នាកន្លងមក បញ្ជាក់ពីស្ថាន ភាពជាក់ស្ដែង របស់កម្មករនិយោជិតនៅកម្ពុជា ជាផ្នែកមួយនៃការអនុវត្តសិទ្ធិសេរីភាពសហជីពតាមរោងចក្រ ដែលមានសមាជិក CATU និង C.CAWDU»។
បើផ្អែកទៅលើស្ថានភាពចុងក្រោយដែលCATUបានជួបប្រទះ របាយការណ៍ហាក់នៅមានលក្ខណៈតិចតួចជាងស្ថានភាពរំលោភទៅលើសេរីភាពសហជីព ដែលបានកើតឡើងជាក់ស្ដែង នៅពេលបច្ចុប្បន្ន ដូចជាករណីចុះបញ្ជីកាសហជីព ប្រើប្រាស់ប្រព័ន្ធតុលាការគំរាមកំហែងលើសេរីភាពសហជីព ការ បញ្ឈប់ថ្នាក់ដឹកនាំសហជីព រួមទាំងការសហការរបស់អាជ្ញាធរមូលដ្ឋាន និងសហជីពថៅកែ ដាក់សម្ពាធទៅលើ ស្ថាបនិករបស់សហជីពជាដើម ដែលរោងចក្រទាំងនោះសុទ្ធតែជាសមាជិករបស់រោងចក្រកាន់តែប្រសើនៅកម្ពុជា(BFC)។
សូមរម្លឹកដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ដោយបង្ហញការភ្ញាក់ផ្អើល និងខកចិត្តចំពោះរបាយការណ៍លំអៀង និងរបាយការណ៍ផ្អែកតាមអារម្មណ៍របស់អង្គការសង់ត្រាល់ (CENTRAL) ដែលបានអះអាងថា ស្ថានភាពសេរីភាពនៃអង្គការវិជ្ជាជីវៈក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាបាននិងកំពុងមានលក្ខណៈកាន់តែអាក្រក់។
TAFTAC បានបន្តថា សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ CCAWDU និងCATU ក៏បដិសេធរបាយការណ៍នេះដែរ និងបញ្ជាក់អំពីភាពល្អប្រសើរចំពោះស្ថានភាពសេរីភាពនៃអង្គការវិជ្ជាជីវៈនៅកម្ពុជា និងជាពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។
TAFTAC បញ្ជាក់ថា ៖ «អស់រយៈពេល២៣ឆ្នាំហើយ និងទៅមុខទៀត ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តចំពោះកម្មវិធី ILO-BFC ដើម្បីជួយធានានូវកម្រិតខ្ពស់នៃការអនុលោមភាពការងារនៅ ក្នុងប្រទេសកម្ពុជា»៕