ក.ប.ប.អំពាវនាវដល់អាជីវករលក់ផ្លែទុរេន កុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ កុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក.ប.ប. បានឱ្យដឹងថា ថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបាន ប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។
ក្រោយទទួលព័ត៌មាននេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។
យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេនបានអះអាងថា ផ្លែទុរេនដែលពួក គាត់ដាក់តាំងលក់គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេនពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។
ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែល នាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិង ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។
អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បី កំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួង និងស្ថាប័នជំនាញពាក់ព័ន្ធ។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្ម លក់ផ្លែទុរេនទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកប អាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ៕