សាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទការស៊ើបសួរ លើសំណុំរឿងលោក រ៉ុង ឈុន
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបិទការស៊ើបសួរ លើសំណុំរឿងលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ទាក់ទងនឹងសំណុំរឿង «ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីផ្អាកទោសមជ្ឈឹម និងពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តិនៅកម្ពុជាក្នុងឆ្នាំ២០២៤។
នេះបើយោងតាមលិខិតជូនដំណឹង ឬជូនព័ត៍មានរបស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ដែលRVA Khmer ទទួលបាននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។
រ៉ុង ឈុន ត្រូវចោទពីបទ៖ ការមិនរាងចាលក្នុងបទជង្ឈឹម បន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម លើបទញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ បទល្មើសដែលបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកចៅក្រមបានបញ្ជាក់តាមរយៈសេចក្តីជូនដំណឹងនេះថា ៖ «យើងសម្រេច បិទការស៊ើបសួរហើយ ។ ហេតុនេះ សូមលោកជ្រាបជាព័ត៌មាន»។
លោក រ៉ុង ឈុន បានឱ្យដឹងថា ការសម្រេចនេះមិនមែនមានន័យថាលោកមានសិទ្ធិពេញលេញវិញនោះទេ ប៉ុន្តែវាគ្រាន់តែជាការសម្រេចបិទការស៊ើបសួរលើសំណុំរឿងរបស់លោកតែប៉ុណ្ណោះ។
សូមរម្លឹកដែរថា លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ។
ក្នុងថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០២១ លោក រ៉ុង ឈុន ត្រូវបានដោះលែងទៅតាមសាលដីការបស់សាលាឧទ្ធរណ៍ដែលកាត់តម្រឹមទោសពី២ឆ្នាំមកឲ្យអនុវត្តតែ១៥ខែ ១១ថ្ងៃ និងព្យួរទោសដែលនៅសេសសល់ចំនួន៨ខែ ១៩ថ្ងៃ។
នៅក្នុងអំឡុងពេលព្យួរទោសនេះ តុលាការបានដាក់ លោក រ៉ុង ឈុន ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរយៈពេល ៣ឆ្នាំដោយមិនឲ្យចេញទៅក្រៅប្រទេស និងមិនឲ្យធ្វើសកម្មភពមួយចំនួន៕