​រួមគ្នា​ផ្លាស់ប្តូរ​ទម្លាប់​ ​ថែរក្សា​បរិស្ថាន​ ​ធម្មជាតិ​ ​និង​ភព​​​ផែនដី​

«​រួមគ្នា​ឆ្លើយតប​ការ​ទូន្មាន​របស់​សម្តេច​ប៉ា​ប​ ​ដើម្បី​ឆ្ពោះទៅ​ការផ្លាស់ប្តូរ​ទម្លាប់​ ​និង​ថែរក្សា​ភព​​​ផែនដី​ដោ​យ​ពង្រឹង​ភូមិភាគ​បៃតង​»​ ​ជា​ប្រធាន​បទដែលបាន​លើកឡើង​​ក្នុង​កិច្ចប្រជុំ​ភូមិភាគ​បៃតង​ ​​​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​។​

សិក្ខាកាមដែល​បាន​​ចូលរួមកិច្ចប្រជុំ​នេះ​​ ​មាន​​ប្រមាណ​ជាង ​៦​៧​នាក់ ​ដែល​មកពីបណ្តា​​អង្គការ​ ​មណ្ឌល​ ​និង​ព្រះ​សហគមន៍​នានា​ក្នុង​ភូមិភាគ​បាត់​ដំបង​។​

កម្មវិធី​នេះ​រៀបចំ​ឡើង​ដោយ ​អង្គការ​ករុណា​បាត់​ដំបង​ ​អង្គការ​ជេស្វី​ត​សឺ​វី​ស​កម្ពុជា​ ​ដោយ​រួម​សហការ​ជាមួយនឹង​ព្រះ​សហគមន៍​ភូមិភាគ​បាត់​ដំបង​ ​ក្រោមអធិបតីភាព​លោក​អភិបាល​ទេព​ ​ច័ន្ទ​ពិសិដ្ឋ​ ​អភិបាល​ភូមិភាគ​បាត់​ដំបង​ ​លោក​ឪពុក​ព្រី​យ៉ា​ឌី​ ហ្គ្រេហ្គោ​រី​អូស​ (ហ្គ្រិ​ច​) ​ទទួលខុសត្រូវ​ខាង​ផ្នែក​បរិស្ថាន​នៃ​ភូមិភាគ​បាត់​ដំបង​ ​លោក​បូជា​ចារ្យ ​បងប្រុស​បងស្រី​ ​អ្នកណែនាំ​តាម​ ​មណ្ឌល​ ​អង្គការ​ ​និង​ព្រះ​សហគមន៍​នានា​ក្នុង​ភូមិភាគ​បាត់​ដំបង​ ​រួម​នឹង​ព្រះសង្ឃ​និមន្ត​មក​ចូលរួម​ដើម្បី​ធ្វើពិធី​បំបួស​ដើម​ពោធិ៍​នៅ​ខាងមុខ​ព្រះវិហារ​ផង​ដែរ​។​

ជា​កិច្ច​ចាប់ផ្តើម​ ​លោក​ឪពុក​ព្រី​យ៉ា​ឌី​ ហ្គ្រេហ្គោ​រី​អូស​ (ហ្គ្រិ​ច​) ​បាន​ណែនាំ​ដោយ​លើកឡើង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដោយសារ​កាប់​បំផ្លាញ​ព្រៃឈើ​ ​ការប្រើប្រាស់​ប្លាស្ទិក​ ​និង​ការ​បំពុល​បរិស្ថាន​តាម​រូបភាព​ផ្សេងៗ​។​

លោក​ឪពុក​បាន​ថ្លែង​បញ្ជាក់​ថា​ ​៖​ ​«​យើង​មិនគ្រាន់តែ​ស្តាប់​ ​និង​និយាយ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​សូម​ឱ្យ​បងប្អូន​អនុវត្ត​នៅ​តាម​អង្គការ​ ​មណ្ឌល​ ​និង​ព្រះ​សហគមន៍​ផង​ដែរ​។​ ​បរិស្ថាន​ស្អាត​ផ្តើម​ចេញពី​យើង​ម្នាក់ៗ​ចូលរួម​សកម្មភាព​ថែរក្សា​ ​និង​លុបបំបាត់​ការប្រើប្រាស់​ប្លាស្ទិក​»​។​

ជាមួយគ្នា​នោះ​ដែរ​ ​លោក​អភិបាល​ទេព​ ​ច័ន្ទ​ពិសិដ្ឋ​ ​ក៏​ថ្លែង​ពន្យល់​អំពី​ពាក្យ​ ​«​ឡោ​ដោតូ​ស៊ី​»​ ​ដែល​មានន័យ​ថា​ ​«​កោតសរសើរ​ព្រះ​ជា​អម្ចាស់​»​ ​ដែល​ទ្រង់​បាន​បង្កើត​ស្នា​ព្រះ​ហ​ស្ថ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី​នេះ​។

​លោក​អភិបាល​បាន​មានប្រសាសន៍ថា​ ​៖​ ​«​ភូមិភាគ​បៃតង​មានន័យ​ចង់​ឱ្យ​ភូមិភាគ​បាត់​ដំបង​ដើរ​ ​តាម​សារលិខិត​របស់​សម្តេច​ប៉ា​ប​ ​ឡោ​ដោតូ​ស៊ី​ ​ដែល​នាំ​ឱ្យ​យើង​ចូល​ជ្រៅ​ទៅ​ក្នុង​ជីវិត​យើង​ ​របៀប​ដែល​យើង​ប្រកាស​ដំណឹង​ល្អ​ដោយ​គិត​ពី​បរិស្ថានធម្មជាតិ​ ​ដែល​ជា​ព្រះ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​»​។​
​លោក​អភិបាល​បាន​បន្ត​ទៀត​ថា​ ​៖​ ​«​ពេលណា​យើង​គិត​ពី​ភូមិភាគ​បៃតង​ ​គឺ​យើង​គិត​ពី​ព្រៃឈើ​ ​សត្វ​ ​និង​ពី​របៀប​ដែល​យើង​រស់នៅ​ ​និង​អនុវត្ត​ឡោ​ដា​តូ​ស៊ី​ ​ហើយ​យើង​ត្រូវ​អធិដ្ឋាន​ ​កែប្រែ​អ្វី​ដែល​មិន​ល្អ​»​។​

មួយវិញទៀត​ ​ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ​ ​ក៏មាន​ពិធី​បំបួស​ដើម​ពោធិ៍​មួយ​ដើម​ ​ដោយមាន​ព្រះសង្ឃ​មក​ចូល​បំបួស​ ​ដើម្បី​ឱ្យ​ដឹង​ថា​ដើម​ពោធិ៍​នេះ​ ​ជា​ព្រះ​អំណោយ​ទាន​ដ៏​ស​ក្ការៈ ​ហើយ​ពេលណា​បំបួស​ ​គឺ​ដូចជា​ការ​ផ្តល់​ឋានៈ​ឱ្យ​ដើម​ពោធិ៍​នេះ​ ​ដូច​ព្រះសង្ឃ​ដែរ​។​

លោក​អភិបាល​ទេព​ ​ច័ន្ទ​ពិសិដ្ឋ​ ​បាន​បញ្ជាក់​ថា​ ​៖​ ​«​យើង​នៅ​ក្នុង​ព្រះ​សហគមន៍​ ​យក​ប្រពៃណី​ ​និង​យោ​បល់​ពី​សាសនា​ព្រះពុទ្ធ​ដែល​ជួយ​យើង​គិត​ ​គោរព​ស្រឡាញ់​បរិស្ថាន​ ​ហើយ​ដើម​ពោធិ៍​ដែល​យើង​បំបួស​នេះ​ ​បាន​រំលឹក​យើង​ត្រូវការ​ថែរក្សា​ការពារ​បរិស្ថាន​ ​ជាពិសេស​ឱ្យ​យើង​សហការ​រវាង​គ្រី​ស្ត​សាសនា​ ​និង​ពុទ្ធសាសនា​ ​ដើម្បី​កសាង​សន្តិភាព​ក្នុង​ពិភពលោក​»​។​

​កញ្ញា​ ​បាញ​ ​ចិន្តា​ ​អនុប្រធាន​ផ្នែក​បរិស្ថាន​នៃ​អង្គការ​ជេស្វី​ត​សឺ​វី​ស​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​សិក្ខាសា​លា​នេះ​មាន​គោលបំណង​ពង្រឹង​ភូមិភាគ​បៃតង​ ​នៅ​ក្នុង​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​បាត់​ដំបង​ ​ជាហេតុ​ធ្វើ​ឱ្យ​យុវជន​យុវនារី​ ​បងប្រុស​បងស្រី​ ​បុព្វ​ជិត​បុព្វ​ជិ​តា​ ​អ្នកធ្វើការ​នៅ​អង្គការ​ ​មណ្ឌល​ ​និង​តាម​ព្រះ​សហគមន៍​ផ្សេងៗ​ ​មក​ទីនេះ​ដើម្បី​រួមគ្នា​គិត​ ​ត្រិះរិះ​ពិចារណា​ថា​ ​តើ​អាច​ធ្វើអ្វី​បាន​ជួយ​ទៅដល់​ភូមិភាគ​បៃតង​ឱ្យ​មាន​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​ភព​​​ផែនដី​ ​ជាពិសេស​សារលិខិត​របស់​សម្តេច​ប៉ា​ប​ដែល​ទ្រង់​បាន​សរសេរ​អំពី​បរិស្ថាន​។​

កញ្ញា​ថា​ ​៖​ ​«​នៅ​ក្នុង​សិក្ខាសាលា​នេះ​យើង​បាន​រៀន​អំពី​សារលិខិត​របស់​សម្តេច​ប៉ា​ប​ ​ក្នុង​នោះ​យើង​បាន​ដកស្រង់​ចំ​នុ​ច​មួយ​ចំនួន​ដែល​និយាយ​អំពី​ការ​ដឹងគុណ​ ​ការ​ស្រឡាញ់​ ​និង​ការ​ថែរក្សា​»​។​

ចំណែក​ ​អ្នកស្រី​ ​កៅ​ ​ធារ៉ា​ ​មកពី​ការិយាល័យ​ភូមិភាគ​បាត់​ដំបង​ ​បាន​មាន​ចំណាប់អារម្មណ៍​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ថា​ ​កិច្ចប្រជុំ​នេះ​ល្អណាស់​ ​ដែល​ទាំងអស់គ្នា​គិត​ពី​ឡោ​ដោតូ​ស៊ី​ ​និង​សារលិខិត​របស់​សម្តេច​ប៉ា​ប​។​

អ្នកស្រី​ថា​ ​៖​ ​«​យើង​ត្រូវ​អរ​ព្រះ​គុណ​ព្រះអង្គ​នូវ​អំណោយ​ទាន​ទាំងឡាយ​ដែល​ព្រះអង្គ​ប្រទាន​ឱ្យ​យើង​ ​ដូចជា​បរិស្ថាន​ជុំវិញ​ខ្លួន​ ​ខ្យល់ដកដង្ហើម​ ​និង​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ប្រទាន​ឱ្យ​យើង​ឥត​បង់ថ្លៃ​។​ ​យើង​ត្រូវ​ថែរក្សា​អ្វី​ដែល​យើង​ទទួល​បាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​កុំ​បំផ្លាញ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​»​។​

ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​យុវជន​ព្រះ​សហគមន៍​បាត់​ដំបង​ ​លោក​ ​សូ​ ​រ៉ាវី​ត​ ​លើកឡើង​ថា​ ​ពាក្យ​ឡោ​ដោតូ​ស៊ី​នេះ​ ​បាន​ដាស់តឿន​ដល់​មនុស្ស​ទាំងអស់​ ​មិន​សម្រាប់​តែ​គ្រី​ស្ត​បរិស័ទ​ប៉ុណ្ណោះ​ទេ​ ​តែ​សម្រាប់​មនុស្សជាតិ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ភព​​​ផែនដី​នេះ​ ឱ្យ​ស្គាល់​ ឱ្យ​យល់​ពី​បរិស្ថាន​ ​និង​ឈប់​បំផ្លាញ​ពិភពលោក​ ​ហើយ​ចូលរួម​ការពារ​ ​ស្រឡាញ់​និង​ថែរក្សា​។​

យុវជន​មួយ​រូប​ទៀត​ ​លោក​ វេ​ង​ ​បណ្តូល​ ​មកពី​ព្រះ​សហគមន៍​ប៉ោយ​ប៉ែត​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​លើកឡើង​ថា​ ​៖​ ​«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បាន​ចូលរួម​កម្មវិធី​ប្រជុំ​នេះ​ ​ហើយ​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​នោះ​គឺ​ ​ការប្រើប្រាស់​ប្លាស្ទិក​ ​ព្រោះ​កន្លែង​ដែល​ខ្ញុំ​រស់នៅ​សម្បូរ​ប្លាស្ទិក​»​។​

នៅ​ពេល​លោក​ត្រឡប់ទៅវិញ​ ​លោក​នឹង​យក​អ្វី​ដែល​លោក​ឪពុក​ ​បងប្រុស​បងស្រី​ ​និង​បងប្អូន​បាន​ចែករំលែក​ទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​យុវជន​ ​និង​គ្រី​ស្ត​បរិស័ទ​នៅ​ក្នុង​ព្រះ​សហគមន៍​ ​ជាពិសេស​នៅ​តាម​សាលា​ ​ដើម្បី​ឱ្យ​គាត់​ចេះ​ស្រឡាញ់​បរិស្ថាន​ ​និង​កាត់បន្ថយ​ ​ឬ​ឈប់​ប្រើប្រាស់​ប្លាស្ទិក​។​ ​នេះ​បើ​តាម​យុវជន​ វេ​ង​ ​បណ្តូល​ ​បាន​បញ្ជាក់​បន្ថែម​៕

Daily Program

Livesteam thumbnail