គណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល លើការអនុវត្តតម្រោងព្រែកជីកហ្វូណន-តេជោ
គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍លើការអនុវត្តតម្រោងព្រែកជីកហ្វូណន-តេជោ ដោយបានសម្ដែងការអបអរសាទរ ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ និងចូលរួមលើកទឹកចិត្តបន្តការអនុវត្តគម្រោងនេះឱ្យបានសម្រេចជោគជ័យ។
យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សហ៊្វុនស៊ិនប៉ិច ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោង ប្រវត្តិសាស្ត្រថ្មីមួយនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។
ប្រភពដដែលបានបញ្ជាក់ថា ៖ «ព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូន តាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅថា្នក់តំបន់និងពិភពលោក»។
សេចក្តីថ្លែងការណ៍បន្តថា ព្រែកជីកនេះ អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជារាស្ត្រកម្ពុជាប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនកសិផលនានាពីតាមបណ្តាលខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយនិងពេលវេលាជាដើម។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា ៖ «គម្រោងដ៏មហាសាលនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនសម្បើមបំផុតសំរាប់ប្រជាជាតិខ្មែរ ហើយក៏ជាមោទនភាពសម្រាប់យើងទាំងអស់គ្នាផងដែរ ដូចនេះក្នុងនាម ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្ដេជ្ញាចូលរួមការពារជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រខ្មែរ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះសម្រេចបានជោគជ័យ ជាស្ថាពរ ដើម្បីជាឧត្តមប្រយោជន៍ជាតិ សម្រាប់ប្រជារាស្ត្រខ្មែរគ្រប់ជំនាន់តរៀងទៅ»៕