សមរភូមិឆ្នោតនៅអ៊ីស្រាអែល ៖ ល្បែងកម្រិតខ្ពស់ដណ្តើមអំណាច ក្នុងពេលតំបន់ កំពុងស្ថិតក្នុងភ្លើងសង្គ្រាម
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ ប្រជាជនអ៊ីស្រាអែលត្រូវ ដើរចូលបន្ទប់បោះឆ្នោតជា ប្រវត្តិសាស្ត្រមួយ ដែលជាការបោះឆ្នោតនីតិបញ្ញត្តិលើកដំបូង បន្ទាប់ពីការវាយប្រហារដ៏រន្ធត់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស។ ការបោះឆ្នោតនេះធ្វើឡើង ចំពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងរងវិបត្តិយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមរយៈពេល ៣ឆ្នាំនៅហ្គាហ្សា និងជម្លោះដោយផ្ទាល់ជាមួយអ៊ីរ៉ង់។ ប៉ុន្តែ អ្វីដែលជាល្បែងនយោបាយដ៏ស្មុគស្មាញ និងគួរ ឲ្យចាប់អារម្មណ៍បំផុតនោះ គឺមិនមែនស្ថិតនៅលើសន្លឹកឆ្នោតនោះទេ ប៉ុន្តែគឺជារបៀប ដែលប្រព័ន្ធបោះឆ្នោតអ៊ីស្រាអែល បង្កើតសមរភូមិប្រជែងអំណាចយ៉ាងស្រួចស្រាវ ក្រោយ ពេលបោះឆ្នោតបញ្ចប់។
ការបោះឆ្នោតលើកនេះ គឺដើម្បីជ្រើសរើសសមាជិករដ្ឋសភាអ៊ីស្រាអែល ដែលហៅថា ក្នេសេត (Knesset) ចំនួន ១២០ រូប។ យ៉ាងណាមិញ លទ្ធផលនៃការ ស្ទង់មតិចុងក្រោយ បានបង្ហាញ ពីភាពតានតឹងយ៉ាងខ្លាំង និងបានព្យាករណ៍ថាគ្មានប្លុកនយោបាយណាមួយ អាចទទួលបាន ជ័យជម្នះដាច់ខាតដោយងាយស្រួលឡើយ។
យោងតាមការស្ទង់មតិកាលពីថ្ងៃទី៤ ខែតុលា ដោយវិទ្យុសាធារណៈអ៊ីស្រាអែល ខេអេអេន (KAN) បាន បង្ហាញថា ក្រុមប្រឆាំងអាចទទួលបាន ៥២ អាសនៈ ខណៈក្រុមសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រី បេនហ្ស៉ាមីន ណេតាន់យ៉ាហ៊ូ ទទួលបាន ៥១ អាសនៈ។ នៅក្នុងការស្ទង់មតិនេះ គណបក្ស យ៉ាស្ហ៉ា (Yashar) ដឹកនាំដោយលោក ហ្គាឌី អេសេនកូត (Gadi Eisenkot) នាំមុខគេ ដោយទទួលបាន ២៣ អាសនៈ ឯគណបក្សលីគូដ (Likud) របស់លោក ណេតាន់យ៉ាហ៊ូ ទទួលបាន ២១ អាសនៈ។
ផ្ទុយទៅវិញ ការស្ទង់មតិមួយទៀតរបស់ក្រុមហ៊ុនដៀរិក ផូលស៍ (Direct Polls) ដែលផ្សាយដោយ អាយថ្វេនធីហ្វ៉ញូ (i24NEWS) កាលពីថ្ងៃទី១ ខែតុលា បែរជាបង្ហាញថា គណបក្សលីគូដនាំមុខគេវិញដោយទទួលបាន ២៨ អាសនៈ ហើយគណបក្សយ៉ាស្ហ៉ាទទួលបាន ២២ អាសនៈ។ ឯសម្ព័ន្ធមិត្តរបស់លោក ណាហ្វតាលី បេនណិត និងលោក យ៉ាហៀ ឡាភីដ រួមទាំងគណបក្សប្រជាធិបតេយ្យ ទទួលបានត្រឹម ៩ អាសនៈរៀងៗខ្លួន។ ទោះបីជាលទ្ធផលស្ទង់មតិទាំងពីរមានគម្លាតខុសគ្នាក៏ដោយ ប៉ុន្តែវាបានចង្អុលបង្ហាញពីការពិតតែមួយ ៖ គ្មានប្លុកនយោបាយណាមួយអាចរកសំឡេងបានគ្រប់ ៦១ អាសនៈ ដែលជាសំឡេងភាគច្រើនដាច់ខាត ដើម្បីបង្កើតរដ្ឋាភិបាលបានដោយផ្ទាល់នោះទេ។
លក្ខណៈពិសេសនៃប្រព័ន្ធបោះឆ្នោតអ៊ីស្រាអែល គឺផ្អែកលើ «ប្រព័ន្ធសមាមាត្រទូទាំងប្រទេស»។ អ្នកបោះឆ្នោតមិនបានបោះឆ្នោតជូនបេក្ខជនម្នាក់ៗតាមមណ្ឌល ឬជ្រើសរើសនាយករដ្ឋមន្ត្រីដោយផ្ទាល់នោះទេ ប៉ុន្តែពួកគេបោះឆ្នោតឲ្យ «បញ្ជីឈ្មោះគណបក្ស»។ ប្រសិនបើបក្សមួយទទួលបាន ២០ អាសនៈ បេក្ខជន ២០ រូបដំបូងក្នុងបញ្ជីឈ្មោះបក្សនោះ នឹងក្លាយជាសមាជិកសភាក្នេសេត។
ដោយសារតែប្រព័ន្ធបោះឆ្នោតបែបនេះ គណបក្សមួយៗស្ទើរតែមិនដែលទទួលបានសំឡេងភាគច្រើនដាច់ខាត ៦១ អាសនៈឡើយនៅក្នុងប្រវត្តិសាស្ត្រ។ ហេតុដូច្នេះ ការទទួលបានសំឡេងនាំមុខគេ មិនមែនមានន័យថាបានកាន់អំណាចនោះទេ! ល្បែងពិតប្រាកដគឺស្ថិតនៅ «ក្រោយការបោះឆ្នោត» ពោលគឺសមត្ថភាពក្នុងការចរចា បង្កើតសម្ព័ន្ធភាព និងប្រមូលផ្តុំកម្លាំងគាំទ្រពីបក្សផ្សេងៗឲ្យបានគ្រប់ ៦១ អាសនៈ។
ប្រសិនបើលោក ហ្គាឌី អេសេនកូត ដែលជាស្នូលនៃការរៀបចំរចនាសម្ព័ន្ធបក្សប្រឆាំងឡើងវិញ មិនអាចប្រមូលសំឡេងគាំទ្របានគ្រប់ ៦១ អាសនៈ ហើយប្រសិនបើលោក ណេតាន់យ៉ាហ៊ូ ក៏បន្តបរាជ័យក្នុងការប្រមូលសំឡេងដូចគ្នា នោះប្រទេសអ៊ីស្រាអែលនឹងត្រូវធ្លាក់ចូលទៅក្នុង «ទល់ច្រកនយោបាយ» ដ៏ធ្ងន់ធ្ងរ។ យ៉ាងណាមិញ នៅក្នុងច្បាប់របស់អ៊ីស្រាអែល ដរាបណារដ្ឋាភិបាលថ្មីមិនទាន់អាចបង្កើតឡើង និងចូលកាន់តំណែងជាផ្លូវការទេនោះ រដ្ឋាភិបាលអាណត្តិចាស់នឹងនៅតែបន្តកាន់អំណាច និងបំពេញភារកិច្ចដដែលជាបណ្តោះអាសន្ន។
