ខេត្តក្រចេះដាក់វិធានការទប់ស្កាត់ និងដកហូតដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចេញវិធានការទប់ស្កាត់ និងដកហូតដីព្រៃដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ។
លោកបានលើកឡើងតាមរយៈសេចក្តីជូនដំណឹងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ថា រដ្ឋបាលខេត្ត បានសង្កេតឃើញមានប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលទៅកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០១៩មក។
លោកបានបញ្ជាក់ថា ៖ «សកម្មភាពនេះជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះបីជារដ្ឋបាលខេត្ត ផ្នែកជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ក៏នៅមានប្រជាពលរដ្ឋបន្តការចូលកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញា ធរវាស់វែង ដើម្បីបានប្រើប្រាស់អាស្រ័យផលស្របច្បាប់ថែមទៀត»។
ក្នុងន័យនេះ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់ដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារ ធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តក្រចេះ រដ្ឋបាលខេត្តក្រចេះ បានដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
១- មោឃភាពចោលនូវរាល់លិខិតលក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុង តំបន់ការពារធម្មជាតិ។
២- ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធ ក្នុងតំបន់ការពារធម្មជាតិ។
៣- ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃសង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុំព័ទ្ធ និងដាំដំណាំដើម្បី យកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែង ក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
៤- អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការចូលកាប់ទន្ទ្រានឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ ខ្ទម រោងធ្វើរបងហ៊ុំព័ទ្ធ ក្នុងភូមិសាស្ត្រខេត្ត ក្រចេះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅ កាន់កាប់ ដោយត្រូវរុះរើដោយវិធានការរដ្ឋបាល ឬដោយការស្ម័គ្រចិត្ត។
៥- ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុកពាក់ព័ន្ធនឹងចាត់វិធានការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
លោក វ៉ា ថន បញ្ជាក់ថា ៖ «រដ្ឋបាលខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុកពាក់ព័ន្ធ ផ្នែកជំនាញ សាធារណជន និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធដែលកំពុងរស់នៅ និងកាន់កាប់ដីព្រៃខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ នឹងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»៕
Daily Program
