ក្រុមប្រឹក្សាអូឡាំពិកអាស៊ីប្ដេជ្ញាចូលរួមចំណែកគាំទ្រកម្ពុជាក្នុងការរៀបចំកីឡាយុវជន អូឡាំពិកអាស៊ីនាឆ្នាំ២០២៩
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ហើយដោយផ្អែកលើបទពិសោធដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។
នេះជាការលើកឡើងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោក តាង ហ្គោដុន (TANG GORDON) អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោក តាង ហ្គោដុន ក៏បានគូសរំលេច និងគោរពជម្រាបសម្តេចធិបតីពីការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យកីឡា ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជាពិសេសចំពោះអត្តពលិកកម្ពុជា ក្នុងវិស័យកីឡាទូកក្តោង (Sailing) និងកីឡាកាយសម្ព័ន្ធ (Gymnastics) ក៏ដូចជាការបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិន។
បន្ថែមលើនេះ លោក តាង ហ្គោដុន ក៏បានគោរពជម្រាបសម្តេចធិបតី អំពីកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក្នុងការរៀបចំព្រឹត្តការណ៍គុនចម្រុះអាស៊ី (Asian Mixed Martial Arts-AMMA)។
ព្រឹត្តការណ៍គុនចម្រុះអាស៊ីនេះ គឺជាការប្រកួតជ្រើសរើសជើងឯកគុនចម្រុះលើកទី២ ដែលគ្រោងនឹងរៀបចំឡើងនៅកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០២៤។
លោក តាង ហ្គោដុន បានថ្លែងថា ការបន្តចូលរួមចំណែករបស់លោក ក្នុងការគាំទ្រដល់ការរៀបចំកីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិតនៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗបន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួតនៅកម្ពុជា ដើម្បីឈានទៅដល់ការពង្រឹងផ្នែកសមត្ថភាពរបស់អត្តពលិកនៅកម្ពុជា ឆ្ពោះទៅកាន់ការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩។
លោកបន្តថា លោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី វិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងកាន់តែរីកចម្រើនខ្លាំងឡើងបន្ថែមទៀត ហើយអត្តពលិកនឹងដណ្ដើមបានមេដាយច្រើន ពីព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ជូនដល់ប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់លោកក្នុងការគាំទ្រ និងអភិវឌ្ឍវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា រួមទាំងផ្នែកយុទ្ធគុនចម្រុះផងដែរ។
សម្តេចធិបតី ក៏បានបញ្ជាក់ជូន លោក តាង ហ្គោដុន ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន នឹង ត្រៀមខ្លួន ក្នុងការសម្របសម្រួល និងសហការ ក្នុងការរៀបចំព្រឹត្តិការណ៍គុនចម្រុះនេះជាមួយនឹងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។
ពាក់ព័ន្ធទៅនឹងការរៀបចំកីឡាយុវជនអាស៊ីឆ្នាំ២០២៩ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃកីឡាយុវជនអាស៊ីនេះ ហើយដោយផ្អែកលើបទពិសោធន៍ដែលកម្ពុជាធ្លាប់បានរៀបចំដោយជោគជ័យនូវព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីឆ្នាំ២០២៣ កន្លងទៅនេះ។
បន្ថែមលើនេះ សម្តេចធិបតី បានលើកឡើងផងដែរថា ៖ «ការរៀបចំព្រឹត្តិការណ៍កីឡាលក្ខណៈអន្តរជាតិ និងព្រឹត្តិការណ៍កីឡាធំៗមិនត្រឹមតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងមិត្តភាពនៅក្នុងវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញឱ្យបរទេសយល់ដឹងកាន់តែច្បាស់ បន្ថែមទៀតអំពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា»។
ព្រមជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគាំទ្រ និងលើកទឹកចិត្តឱ្យមានការរៀបចំនូវព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ ដោយ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យឯកជន និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ លោក តាង ហ្គោដុន បន្តជួយគាំទ្រក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងជាពិសេសគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់អត្តពលិកកម្ពុជានៅប្រទេសចិនជាបន្តទៀត ដើម្បីពង្រឹងនូវសមត្ថភាពឆ្ពោះទៅការប្រកួតប្រជែងក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ផងដែរ៕