​ក្រសួង​សុខាភិបាល បាន​​ប្រកាស​រកករណីជំងឺផ្តាសាយបក្សីលើកុមារាអាយុ៣ឆ្នាំ

ក្រសួងសុខាភិបាល​ បានប្រកាសរកឃើញ​មានអ្នក​ជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ ក្នុង​ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស​ផ្តាសាយបក្សី ប្រភេទ​H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

​បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការ សាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាស្លាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម ​​ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ​និងអង្គការដៃគូ​ ​អង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើ​ងនូវជំងឺផ្តាសាយបក្សីនេះ។

ក្រសួងសុខាភិបាល​បានបន្តថា ក្រុមការងារឆ្លើយតបបន្ទាន់​ បន្ត​ធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នក ដទៃទៀតក្នុងសហគមន៍ ព្រ​មទាំងចែកជូនឱសថតាមីហ្គូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល ​ក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់​ប្រជាពលរដ្ឋទាំងអស់ ត្រូវយក​ចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាពប្រជាពលរដ្ឋ​។

ក្រសួងថា ៖ «សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់​ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា»។

​ក្រសួងបានរម្លឹកផងដែរនូវ​វិធានការបង្ការ​​ ដោយត្រូវ​លាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់ ស​ត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើស​ម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕

 

Daily Program

Livesteam thumbnail