ក្រសួងអប់រំ ជ្រើសតាំងនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្រ្វង់ស្វ័រ ជាសមាជិកលេខាធិការដ្ឋានគណៈកម្មការអប់រំ
ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីសម្រេចស្តីពីបង្កើតគណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយប្រចាំក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនោះ លោកយុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្រ្វង់ស្វ័រក៏ត្រូវបានក្រសួងជ្រើសតាំងជាសមាជិកលេខាធិការដ្ឋានគណៈកម្មការនេះផងដែរ។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងសម្រេចបង្កើតគណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយប្រចាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយក្នុងវិស័យអប់រំ។
គណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយប្រចាំក្រសួងអប់រំ មាន សមាសភាពចំនួន៤៣រូប ក្នុងនោះ មានប្រធានមួយរូប អនុប្រធានចំនួន៦រូប និងសមាជិកចំនួន ៣៦រូប។
គណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយ មានភារកិច្ចអប់រំ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និង ផែនការសកម្មភាពនានារបស់គណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
ក្នុងនោះត្រូវពិនិត្យ និងសម្រេចផែនការយុទ្ធសាស្ត្រ និងផែនការសម្មភាពនានា ដើម្បីអប់រំ និងជំរុញការអនុវត្តកាងារ ចលនាភូមិមួយផលិតផលមួយនៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងតាមអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងបញ្ជាក់ទៀតថា ៖ «គណៈកម្មការនេះ ក៏មានភារកិច្ចជំរុញការអប់រំ និងផ្សព្វផ្សាយចលនាភូមិមួយផលិតផលមួយ និងផែនការសកម្មភាពដល់អ្នកអប់រំ អ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន និងគ្រប់អ្នកពាក់ព័ន្ធ ពង្រឹងយន្តការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយជាប្រចាំផងដែរ និងមានភារកិច្ចមួយចំនួនទៀត»។
ជាមួយគ្នានោះដែរ ក្រសួងក៏បានសម្រេចបង្កើតលេខាធិការដ្ឋានគណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយប្រចាំក្រសួងអប់រំ ដោយមានសមាសភាពចំនួន១១រូប ក្នុងនោះប្រធាន១រូប អនុប្រធាន១រូប និងសមាជិកចំនួន៩រូប។
លេខាធិការដ្ឋានគណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយមានភារកិច្ច ជាសេនាធិការឱ្យគណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយ ប្រចាំក្រសួងអប់រំរៀបចំផ្សព្វផ្សាយគោលការណ៍ទូទៅស្តីពីការអនុវត្តការងារជំរុញចលនាភូមិមួយផលិតផលមួយ។
ក្រសួងបញ្ជាក់ថា ៖ «សម្រាប់បុគ្គលិកអប់រំ អ្នកសិក្សា និងគ្រប់អ្នកពាក់ព័ន្ធរៀបចំផែនការសកម្មភាពអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផលមួយសម្របសម្រួលការងារបច្ចេកទេស និងការងាររដ្ឋបាលរបស់គណៈកម្មការអប់រំ និងជំរុញការអនុវត្តការងារចលនាភូមិមួយផលិតផល មួយប្រចាំក្រសួងអប់រំ យុវជន និងកីឡាត្រួតពិនិត្យតាមដានការអនុវត្តផែនការស កម្មភាពអប់រំ»។
លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្រ្វង់ស្វ័រ បានប្រាប់ឱ្យដឹងថា លោកមានមោទនភាពសម្រាប់ការទទួលបាននូវតួនាទីថ្មីនេះពីក្រសួងអប់រំ ហើយភាពជោគជ័យនេះ លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលភូមិភាគភ្នំពេញអូលីវីយ៉េ ដែលតែងតែលើកទឹកចិត្ត ផ្តល់សេចក្តីស្រលាញ់ គាំទ្រ ពិសេសដល់ប្រជាពលរដ្ឋក្រីក្រ និងខ្វះខាត។
លោកបានបញ្ជាក់ថា ៖ «អ្វីដែលខ្ញុំទទួលបាននេះ មិនមែនមកពីខ្ញុំទេ កម្លាំងធំជាងគេគឺបានមកពីលោកអភិបាល ដោយខ្ញុំគ្រាន់តែដើរតួជាអ្នកដើរតួអនុវត្តផែនការយុទ្ធសាស្រ្ត និងបេសកកម្មរបស់លោកអភិបាលតែប៉ុណ្ណោះ»។
លោក យុន សំអាត បានលើកឡើងទៀតថា មុខងារថ្មីនេះជាមុខងារសំខាន់ ពិសេសទៅលើសាលាអប់រំបច្ចេកទេស ជាពិសេសលើជំនាញកសិកម្ម និងជំនាញសេដ្ឋសាស្រ្តដែលវិទ្យាល័យបច្ចេកទេសសន្តហ្វ្រង់ស្វ័របាននិងកំពុងអនុវត្ត។
លោកថា ៖ «នៅពេលណាដែលខ្ញុំចូលក្នុងគណៈកម្មការនេះ មានន័យថាខ្ញុំបានមានឱកាសដើម្បីបង្ហាញដល់ថ្នាក់ដឹកនាំក្រសួងឱ្យដឹងពីសក្តានុពល ឬប្រសិទ្ធភាពនៃការបណ្តុះបណ្តាលប្រកបដោយគុណភាពនៅក្នុងវិទ្យាល័យយើងនេះ»។
នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្រ្វង់ស្វ័រ បានប្រាប់ឱ្យដឹងផងដែរថា ការធ្វើឱ្យវិទ្យាល័យនេះកាន់តែរីកចម្រើន និងទទួលស្គាល់កាន់តែខ្លាំងគឺជាសុបិនធំបំផុតរបស់លោកផ្ទាល់ ដោយលោកចង់ឱ្យវិទ្យាល័យនេះក្លាយជាសាលាមួយមានភាពល្បីល្បាញ ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំចង់ឱ្យសិស្សដែលចេញពីវិទ្យាល័យសន្តហ្វ្រង់ស្វ័រជាbrand name ដូចសិស្សដែលចេញពីសាលាដុនបូស្កូ ដែលមានជំនាញ និងពូកែ។ ដូចនេះ ខ្ញុំចង់ឱ្យសិស្សដែលចេញពីសាលារបស់ខ្ញុំជាសិស្សពូកែ មានជំនាញ ចំណេះដឹង និងសីលធម៌ ដោយគ្រាន់តែឃើញអាកប្បកិរិយារបស់សិស្សគឺដឹងថាពួកគាត់មកពីសន្តហ្វ្រង់ស្វ័រតែម្តង»។
លោក យុន សំអាត បានរំលេចឱ្យដឹងទៀតថា លោកក៏ត្រូវការអ្នកចូលរួម អ្នកគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្តៅលោកអភិបាលអូលីវីយ៉េ រួមនឹងដៃគូផ្សេងៗទៀត ពិសេសព្រះសហគមន៍កាតូលិក និងការិយាល័យការសិក្សាកាតូលិកប្រទេសអូស្ត្រាលីដែលជាដៃគូយ៉ាងសំខាន់សម្រាប់វិទ្យាល័យរបស់លោក។
«គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូគ្រប់ជំនាញ គ្រប់មុខវិជ្ជា គ្រប់បច្ចេកទេសទាំងអស់ចូលរួមបន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ពង្រឹងការងារផ្ទាល់ខ្លួនជួយដល់សិស្សរបស់យើង ដែលនេះជាកត្តានាំឱ្យសាលាយើងឈានឆ្ពោះទៅមុខដោយជោគជ័យ»។ នេះបើតាមការបន្ថែមរបស់លោក យុន សំអាត។
សូមបញ្ជាក់ដែរថា សិស្សចំនួន២រូប បានប្រឡងជាប់ទៅសិក្សានៅវិទ្យាបច្ចេកទេសវិជ្ជាជីវៈគ័ងស៊ី ប្រទេសចិន រួមនឹងសិស្សជាច្រើនរូបទៀតបានទទួលការងារ បានបន្តការសិក្សាបន្តនៅសកលវិទ្យាល័យដោយឥតគិតថ្លៃ និងសមិទ្ធផលជាច្រើនទៀត៕