ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឱ្យសាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅ ឆ្ងាយពីប្រភពទឹក។
ជាមួយគ្នានោះដែរ ក្រសួងក៏បានប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពីការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។
សេចក្តីជូនដំណឹងបានលើកឡើងថា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរបស់ក្រសួង ក៏ដូចជាពីបណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិភពលោក (WMO) ក្រសួងធនធានទឹក និងឧតុនិយមថា យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័របង្ហាញឱ្យឃើញថាចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ(El Niño) នឹងស្ថិតនៅ ១០%។
ប្រភពដដែលបានបន្តថា រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់៨៣% នៅក្នុងខែឧសភា។
ទាក់ទងនឹងការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃកម្ពុជាមានសីតុណ្ហភាពមធ្យមអប្បបរមា ២៦អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាស ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្ដប់លើផ្ទៃដី៤០% និង បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន៕