កម្ពុជា ភ្ញាស់បានកូនត្រីគល់រាំង លើកដំបូង ក្រោយពីព្យាយាមចិញ្ចឹមបំប៉នមេពូជត្រី រយៈពេល១០ឆ្នាំ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសឱ្យដឹងនាថ្ងៃទី២៨ ខែឧសភានេះថា កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតហើយនាវេលាម៉ោង ៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
ក្រសួងបានបញ្ជាក់ថា ៖ «សូមចូលរួមអបអរសាទរចំពោះលទ្ធផលជាលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យអស់រយៈពេលជិត១០ឆ្នាំ»។
ត្រីគល់រាំង គឺជានិមិត្តរូប មច្ឆជាតិកម្ពុជា ដែលកំពុងបង្កើន កិច្ចគាំពារ ព្រោះជាប្រភេទត្រី ដ៏កម្រនិងជាប្រភេទត្រី ប្រឈមនឹងការផុតពូជ ដែលទាមទារឲ្យមានការចូលរួម ការពារនិងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង។
ក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ត្រីគល់រាំងមានឈ្មោះ ផ្សេងទៀតថាជា ត្រីកាហោ ឬត្រីក្បាលឡាន ដែលវាស្ថិតក្នុងបញ្ជីក្រហម ដោយមានចំណាត់ថ្នាក់ កំពុងមានការគំរាមកំហែង យ៉ាងខ្លាំងឈានទៅ រកការផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្ស ធម្មជាតិ ហើយត្រីនេះត្រូវបានចុះបញ្ជី ហូបបក្សសម្ព័ន្ធមួយ របស់អនុសញ្ញាសាយតេស្តផងដែរ។
ប្រភពដដែលបានបន្តថា ត្រីគល់រាំងជាប្រភេទត្រី ទឹកសាប ដែលធំបំផុតមួយ ក្នុងចំណោមត្រីធំៗ បំផុតទាំងបី ប្រភេទទី ១ ត្រីបបែលយក្ស ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង។ ត្រីគល់រាំងមានប្រវត្តិយូរលង់ណាស់មកហើយ ទាក់ទងនឹងជីវភាពប្រជាពលរដ្ឋ តាំងពីសម័យមុនអង្គរ មកម្ល៉េះ ដោយនៅតាម ប្រាង្គប្រាសាទបុរាណ នៅខេត្តសៀមរាប មានរូបចម្លាក់ជាច្រើនទាក់ទងនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយភ្ជាប់នូវរូបត្រីគល់រាំងនេះ ដែលជាភស្តុតាង ពីការផ្សារភ្ជាប់ត្រីនេះ ទៅនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាំងពីយូរយារណាស់មកហើយ៕