ឱកាសការងារជាង ៥ពាន់ កន្លែងនឹងចាប់ផ្តើមនាថ្ងៃស្អែកនេះក្នុងពិព័រណ៍ការងារ និងមគ្គទេស៍អាជីព
នៅថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវចាប់ផ្តើមហើយ ដោយមានរយៈពេល២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។
ក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ២០ ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការផ្តល់ឱកាសការងារភ្លាមៗសរុបចំនួន ៥៤០០ កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។
ពិព័រណ៍ការងារដ៏ធំនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO)។
យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារអាចចូលរួមទស្សនាដោយសេរី ដើម្បីស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន/សហគ្រាសធំៗជាច្រើនដែលនឹងទៅជ្រើសរើសបុគ្គលិកផ្ទាល់ភ្លាមៗក្នុងមុខតំណែង និងជំនាញជាច្រើន។
អ្នកចូលរួមក៏អាចទទួលបានគន្លឹះសំខាន់ៗដើម្បីត្រៀមខ្លួនចូលទីផ្សារការងារនៅក្នុងសិក្ខាសាលាចែករំលែកចំណេះដឹងដែលមានការចូលរួមពីវាគ្មិនដែលមានបទពិសោធន៍ជាច្រើនរូបផងដែរ។
ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ រាប់ពាន់នាក់មកចូលរួមទស្សនា ស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០៕