ឧកញ៉ា ឡេង ចាន់ណា ដែលល្បី​ទូទាំងប្រទេសក្នុងករណី​ឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយ​

​ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចា​ប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប​ កាលពីយប់​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២៤។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា​ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ប្រភពដដែល​បានបញ្ជាក់ថា ៖ «ការចាប់ខ្លួននេះ ផ្អែកតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុ​កចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។

សេចក្តីជូនដំណឹង​បានបន្ថែមថា ​ជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។ ​

សូមរម្លឹកដែរថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលអះអាងថា ពួកគាត់ជា ជនរងគ្រោះពីការឆបោកដោយឈ្មោះ ឡេង ចាន់ណា​ នាំគ្នាមកតវ៉ានៅខាងមុខសាលាដំបូង និងអ​យ្យការអមសាលាដំបូងខេត្តសៀមរាប ដោយស្រែកទាមទារឱ្យ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុគ្គលនេះផងដែរ។​

​ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និងបក្សពួកមកអយ្យការអមសាលាដំបូងខេត្ត សៀមរាបចំនួន ៤ សំណុំរឿង រួមមាន៖ សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌ លេខ ២៦៥ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, និង សំណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

​នាពេលកន្លងមកមានការ​ផ្សព្វផ្សាយថា ​បុគ្គល ឡេង ចាន់ណា ​បានលើកឡើងនូវឈ្មោះ សម្តេ​ច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រ​ឡំថាសម្តេចធិបតី បានជាប់ពាក់ព័ន្ធនឹង ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឡេង ចាន់ណា។​

ប៉ុន្តែករណីនេះ ត្រូវបាន​ក្រុមអ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី ​បញ្ជាក់​ថា សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​មិនដែល​គាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕

Daily Program

Livesteam thumbnail