ឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប
ឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប គិតត្រឹមដំណាច់ឆ្នាំ២០២៣នេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុជួយជំរុញកំណើនប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣ បានបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ដោយបានជួយជំរុញឱ្យមានកំណើនដ៏គួរឱ្យចាប់អារម្មណ៍នូវការប្រើប្រាស់ប្រាក់រៀលក្នុងឆ្នាំ២០២៣។
ក្រោមកិច្ចប្រឹងប្រែងដែលដឹកនាំដោយធនាគារជាតិនៃកម្ពុជា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានខិតខំឈ្មុសឈ្មុលធ្វើដំណើរឆ្ពោះទៅរកការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយពង្រឹងតួនាទីនិងភាពធន់របស់ប្រាក់រៀលក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។
ត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបានសមិទ្ធិផលដ៏សំខាន់ ដោយឥណទានជាប្រាក់រៀលបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប។ តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។ កិច្ចប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជំរុញឱ្យមានទំនុកចិត្តដ៏រឹងមាំលើប្រាក់រៀលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យចំពោះការលើកកម្ពស់ភាពលេចធ្លោរបស់ប្រាក់រៀលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជាទៀតផង។ សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ពាន់ពាន់លានរៀលខណៈប្រាក់បញ្ញើជាលុយរៀលនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI)ទាំង៤ បានកើនឡើងដល់ ១,៥២ពាន់ពាន់លានរៀល។ ទិន្នន័យនេះ បានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។
ក្រោមការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងភាគីពាក់ព័ន្ធបានធ្វើសហប្រតិបត្តិការជាច្រើន ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីការប្រើប្រាស់ប្រាក់រៀល។ គំនិតផ្តួចផ្តើមនានា ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការជំរុញឱ្យមានការធ្វើប្រតិបត្តិការទូទាត់ឌីជីថលជាប្រាក់រៀល និងការលើកឡើងពីគុណសម្បត្តិប្រព័ន្ធរូបិយប័ណ្ណក្នុងស្រុកដ៏រឹងមាំ ពិតជាមានសារៈសំខាន់។ កិច្ចប្រឹងប្រែងទាំងនេះបានត្រួសត្រាយផ្លូវឆ្ពោះទៅរកការបង្កើតឱ្យមានបរិយាកាសហិរញ្ញវត្ថុប្រកបដោយបរិយាបន្នយូរអង្វែងនៅទូទាំងប្រទេស។
លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមទាំងនេះ។ លោកជំទាវមានប្រសាសន៍ថា៖ «វិធីសាស្រ្តដ៏មានប្រសិទ្ធភាពដែលសមាជិករបស់យើងបានអនុវត្តក្នុងឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់ប្រាក់រៀលក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងធ្វើឱ្យទំនាក់ទំនងរវាងសហគមន៍ និងរូបិយប័ណ្ណជាតិ កាន់តែមានភាពស៊ីជម្រៅ ។ កិច្ចខិតខំប្រឹងប្រែងនេះមានសារៈសំខាន់ណាស់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងមានភាពធន់»។
ឥណទានមីក្រូហិរញ្ញវត្ថុបានជះឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ចកម្ពុជា តាមរយៈវិស័យផ្សេងៗដូចជា គ្រួសារ ពាណិជ្ជកម្ម កសិកម្ម និងផ្នែកផ្សេងៗទៀត។ លោកជំទាវ ឌិត នីតា បានបន្ថែមថា៖ «អន្តរាគមន៍នៃឥណទានតាមវិស័យគោលដៅដ៍ច្បាស់លាស់ នេះ មិនត្រឹមតែបានជំរុញសកម្មភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការគាំទ្រការអភិវឌ្ឍន៍របស់ប្រទេស
កម្ពុជាទៀតផង»។ សកម្មភាពទាំងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដ៍ទូលំទូលាយ។
ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមរយៈប្រព័ន្ធទូទាត់បាគង បានកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើង ៣,៤ដង ខ្ពស់ជាងខ្លាំងធៀបនឹងកំណើនប្រតិបត្តិការទូទាត់ជាប្រាក់ដុល្លារ ដែលគូសបញ្ជាក់ពីភាពជោគជ័យនៃរូបិយប័ណ្ណជាតិ។ កំណើននេះ បង្ហាញពីដំណើរទៅមុខរួមគ្នាឆ្ពោះទៅរកការពង្រឹងតួនាទីរបស់ប្រាក់រៀលក្នុងនាមជាមធ្យោបាយនៃការដោះដូរទំនិញ ដែលជួយកាត់បន្ថយគម្លាតរវាងពាណិជ្ជកម្មឌីជីថលនិងពាណិជ្ជកម្មបែបប្រពៃណី។ ហើយនេះ ក៍ជាការបង្ហាញឲ្យច្បាស់អំពីដំណើររបស់កម្ពុជាឆ្ពោះទៅរកភាពស្វ័យម្ចាស់ការ និងនិរន្តរភាពផ្នែកសេដ្ឋកិច្ច។
ក្រឡេកមើលសមិទ្ធិផលក្នុងឆ្នាំ២០២៣វិញ កិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈគ្រឹះស្ថានសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជំរុញយ៉ាងខ្លាំងឱ្យមានការប្រើប្រាស់ប្រាក់រៀល។ គំនិតផ្តួចផ្តើមទាំងនេះបានពង្រឹងតួនាទី និងភាពជឿជាក់លើប្រាក់រៀល ដែលជាជំហ៊ានវិវត្តដ៏មានសារៈសំខាន់។ វឌ្ឍនភាពនេះមិនត្រឹមតែឈានទៅរកការពង្រឹងតួនាទីរបស់ប្រាក់រៀលប៉ុណ្ណោះទេ ថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ សមិទ្ធិផលកាលពីឆ្នាំមុនបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់ឱកាសសេដ្ឋកិច្ចនាពេលអនាគត និងការសម្រេចបានកំណើនសេដ្ឋកិច្ចដ៏រស់រវើកសម្រាប់កម្ពុជា៕