អ៊ុយក្រែន ៖ សហរដ្ឋអាម៉េរិកនឹងមិនអនុម័តជំនួយបន្ថែមមុនឆ្នាំ២០២៤ ទេ
កាលពីថ្ងៃអង្គារ ប្រមុខព្រឹទ្ធសភានៃសហរដ្ឋអាម៉េរិក បានចេញបង្គាប់បញ្ជាថា ព្រឹទ្ធសភានឹង បញ្ចប់ឆ្នាំដោយមិនផ្តល់សុពលភាពដល់កញ្ចប់ថវិកា ៦១ពាន់លានដុល្លារ ដែលទាមទារម្តង ហើយម្តងទៀត ដោយទីក្រុងគៀវ និងសេតវិមាន។
មិនមានមូលនិធិថ្មីរបស់អាម៉េរិកសម្រាប់អ៊ុយក្រែន នៅដំណាច់ឆ្នាំ២០២៣នេះទេ ៖ ប្រមុខព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ព្រឹទ្ធសភានឹងបញ្ចប់ឆ្នាំដោយមិនផ្តល់សុពលភាពដល់កញ្ចប់ ថវិកា ៦១ពាន់លានដុល្លារដែលទាមទារមិនឈប់មិនឈដោយទីក្រុងគៀវ និងសេតវិមាននោះទេ។
អ្នកចរចាគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ មិនបានឈានមកដល់កិច្ចព្រមព្រៀង ទោះបីជាមានសំពាធម្តងហើយម្តងទៀតពីប្រធានាធិបតីអាម៉េរិក លោកចូ បាយឌិន និងការអំពាវនាវពីសមភាគីអ៊ុយក្រែនរបស់លោក លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏ដោយ។ មេដឹកនាំព្រឹទ្ធសភា អ្នកប្រជាធិបតេយ្យ ជុក ស្ចូមើ និងអ្នកសាធារណរដ្ឋ លោកមីត ម៉ាកខូណែល បាននិយាយថា សង្ឃឹមអាចបោះឆ្នោតលើជំនួយនេះនៅដើមឆ្នាំក្រោយ។
កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បាននិយាយអួតអំពីការឆ្លើយបតដ៏ធ្ងន់ធ្ងរចំពោះសេវាកម្មពិសេសរបស់បរទេសដែលតាមរូបលោក ថាព្យាយាមធ្វើឲ្យអស្ថិរភាពដល់រុស្ស៊ី ដោយជួយរបបអ៊ុយក្រែន។ លោកវ្លាឌីមៀ ពូទីន នៅក្នុងសាវីដេអូនៅឱកាសទិវាទីភ្នាក់ងារសន្តិសុខសាធារណៈ បានថ្លែងថា របបទីក្រុងគៀវ ជាមួយនឹងការគាំទ្រផ្ទាល់ពីសេវាកម្មពិសេសបរទេសបានជ្រើសយកផ្លូវដោយប្រើវិធីសាស្រ្តបង្កភេរវកម្ម គឺការអនុវត្តការធ្វើភេរកម្មរដ្ឋ។ លោកបានបន្តថា ៖ “ទាំងនេះគឺជាទង្វើលួចវាយប្រឆាំងនឹងមជ្ឈមណ្ឌលស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ភេរវកម្មប្រឆាំងនឹងពលរដ្ឋស៊ីវិល និងតំណាងអាជ្ញាធរ”។
ចំណែកគណៈកម្មការបោះឆ្នោត បានទទួលបេក្ខភាពចំនួន ១៦រូបសម្រាប់ការបោះឆ្នោតប្រធានាធិបតីនាពាក់កណ្តាលខែមីនា ឆ្នាំក្រោយនៅរុស្ស៊ី ដែលរួមមានប្រធានាធិបតីវ្លាឌីមៀ ពូទីន ដែលកាន់អំណាចតាំងពីឆ្នាំ២០០០ ហើយដែលការបោះឆ្នោតនេះដោយគ្មានការសង្ស័យ នឹងមិនមានក្រុមប្រឆាំងនៅក្នុងប្រទេសចូលរួមនោះទេ។
អាជ្ញាធរអ៊ុយក្រែន បានថ្លែងថា ដ្រូនរុស្ស៊ីជាច្រើន បានវាយប្រហារទីក្រុងគៀវ នៅក្នុងយប់ថ្ងៃអង្គារ ទៅថ្ងៃពុធ យ៉ាងហោចណាស់មានការវាយប្រហារពីរសំដៅលទីក្រុង ខាឃីវ នៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ហើយនិងមានមនុស្ស ៩នាក់ បានទទួលរងរបួស ដោយសារការទម្លាក់គ្រាប់បែកនៅខឺស៊ុន នៅភាគខាងត្បូងនៃប្រទេស។ ចៅហ្វាយក្រុង ខឺស៊ុន លោករ៉ូម៉ាន ម្រូចកូ បានបញ្ជាក់នៅលើសាតេឡេក្រាមថា នៅអំឡុងពេលនៃការទម្លាក់គ្រាប់បែកលើទីក្រុងខឺស៊ុន ដោយអ្នកកាន់កាប់រុស្ស៊ី មនុស្ស ៩នាក់ បានរងរបួស ដែលមានកុមារ ៤នាក់ ដែលមានអាយុពី ២ ទៅ ១៣ឆ្នាំ។
ប្រធានាធិបតីអ៊ុយក្រែន បានព្រមានកាលពីថ្ងៃអង្គារថា គ្មាននរណាម្នាក់អាចទស្សទាយអំពីកាលបរិច្ឆេទនៃការបញ្ចប់សង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ ម្យ៉ាងវិញទៀត ប្រទេសអ៊ុយក្រែននឹងផលិតដ្រូនចំនួនមួយលានគ្រឿងសម្រាប់យោធារបស់ខ្លួននៅឆ្នាំ២០២៤។ ដ្រូនទាំងនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។
ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានប្រកាសកាលពីថ្ងៃពុធ ថា រក្សា ទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្រ្ត និងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត នៅខណៈដែលមានជំនួបជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី មីខៃ មីជូស្ទីន នៅទីក្រុងប៉េកាំង។
យោងតាមសំដីរបស់លោកស៊ី ជីនពីង ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ចិន CCTV បានឲ្យដឹងថា ”រក្សា និងអភិវឌ្ឍទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺជាជម្រើសយុទ្ធសាស្រ្ត ដែលធ្វើឡើងរវាងភាគីទាំងពីរ ដែលមានមូលដ្ឋានលើផលប្រយោជន៍គ្រឹះនៃប្រជាជនទាំងពីរ។”