អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក ធ្វើការលើកិច្ចព្រមព្រៀងសន្តិសុខ
បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសបារាំង និងចក្រភពអង់គ្លេស ទីក្រុងគៀវបានចាប់ផ្តើមធ្វើការលើអត្ថបទស្រដៀងគ្នាជាមួយទីក្រុងវ៉ាស៊ីនតុន។ នៅ អំឡុងការហៅទូរសព្ទជាមួយសមភាគីអាម៉េរិក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានឆ្លៀតពេលថ្លែងអំណរគុណសម្រាប់កញ្ចប់ជំនួយថ្មីដែលបាន ព្រមព្រៀង។
កាលពីថ្ងៃទី២២ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បន្ទាប់ពី ជួប កិច្ចសន្ទនាតាមទូរសព្ទជាមួយ លោកចូ បាយឌិន បានថ្លែងថា អ៊ុយក្រែន និងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមធ្វើការសម្រាប់កិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។
នៅក្នុងសារប្រចាំថ្ងៃ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានអះអាងថា ទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតុនបានឈានទៅមុខលើបញ្ហានៃការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាម៉េរិក ATACMS។
នៅប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែន បានចុះហត្ថលេខាជាមួយរដ្ឋអឺរ៉ុបជាច្រើន ដែលរួមមានប្រទេសបារាំង និងចក្រភពអង់គ្លេស សម្រាប់កិច្ចព្រមព្រៀងសន្តិសុខ ដែលមានសារៈសំខាន់សម្រាប់កិច្ចសន្យានៃប្រទេសទាំងនេះក្នុងការបន្តផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រខាងយោធា និងហិរញ្ញវត្ថុ សម្រាប់រយៈពេលវែង ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។
នៅអំឡុងកិច្ចសន្ទនារបស់អ្នកទាំងពីរតាមទូរសព្ទ លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា ទទួលស្គាល់លោកចូ បាយឌិន សម្រាប់ជំនួយដែលមានជាប់មិនដាច់សម្រាប់អ៊ុយក្រែន ហើយក៏នៅរំពឹងសម្រាប់ជំនួយរហ័ស និងខ្លាំងក្លា ដែលនឹងពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការការពារដែនអាកាស ព្រមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំផងដែរ។
បើយោងតាមប្រធានាធិបតីអាម៉េរិក ការចូលរួមវិភាគទានសម្រាប់ទឹកប្រាក់ជិត ៦១ពាន់លានដុល្លារ ដែលត្រូវបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដោយសភាតំណាងរាស្រ្តអាម៉េរិក នឹងឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់អ៊ុយក្រែន នៅលើសមរភូមិ និងអំពីរឿងការការពារដែនអាកាស។
មុនបន្តិចមុនកិច្ចសន្ទនានេះ មានការវាយប្រហាររបស់រុស្ស៊ី ដែលបានបំផ្លាញ អង់តែនទូរទស្សន៍នៅទីក្រុង ខាកគៀវ ដែលជាទីក្រុងទី២ របស់អ៊ុយក្រែន ដែលស្ថិតនៅជិតព្រំដែន និងដែលកាន់តែត្រូវបានវាយប្រហារដោយការទម្លាក់គ្រាប់បែកនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ដោយមានកម្ពស់ ២៤០ម៉ែត្រ រចនាសម្ព័ន្ធធ្វើពីលោហៈធាតុនេះ ត្រូវបានដួលរលំពាក់កណ្តាល។ វាក៏ត្រូវបានខូចខាតម្តងរួចហើយកាលពីខែមីនា ឆ្នាំ២០២២ នៅពេលចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី។ យោងតាមអភិបាលតំបន់ លោកអូឡេច ស៊ីណេហ្គ៊ូបូវ បានឲ្យដឹងថា ការវាយប្រហារនេះមិនបានធ្វើឲ្យមានជនរងគ្រោះទេ ប៉ុន្តែវាបានបង្កឲ្យមានការកាត់ផ្តាច់រលកសញ្ញាសម្រាប់ទូរទស្សន៍។
លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានវាយតម្លៃ នៅអំឡុងពេលសន្ទនាជាមួយលោកចូ បាយឌិន តាមទូរសព្ទថា ការវាយប្រហារនេះ បានបង្ហាញអំពីចេតនាច្បាស់របស់រុស្ស៊ីដោយធ្វើឲ្យទីក្រុងនេះក្លាយជាកន្លែងគ្មានមនុស្សរស់នៅ។
ចំណែកមន្រ្តីទទួលខុសត្រូវកាន់កាប់ដែនដីម្នាក់របស់រុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន លោកវ្ល៉ាឌីមៀ សាល់ដូ បានប្រាប់ឲ្យដឹងថា លោករីករាយដោយមើលឃើញការខូចខាតនៃមធ្យោបាយទំនាក់ទំនង និងការឃោសនារបស់សត្រូវ។
ទីក្រុងខាកគៀវ ដែលមានប្រជាជនរស់នៅជិត ១,៤ លាននាក់ មុនពេលសង្គ្រាម គឺជាគោលដៅវាយប្រហារដោយមីស៊ីល និងការទម្លាក់គ្រាប់បែកនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ទីក្រុង ត្រូវបានវាយប្រហារជាពិសេស ដែលបង្កបានជាការដាច់ចរន្តអគ្គីសនីដ៏ខ្លាំងក្លាកាលពីដំណាច់ខែមីនា។