អ៊ីស្រាអែល សន្យាវាយតបវិញលើអ៊ីរ៉ង និងការអំពាវនាវឲ្យស្ងប់ស្ងាត់ មានកាន់​តែច្រើនឡើង

អ៊ីស្រាអែលសន្យាវាយតបវិញ​បន្ទាប់ពីការវាយប្រហារយ៉ាងសម្បើម និងមិន​ដែលធ្លាប់ធ្វើ ឡើង​ដោយអ៊ីរ៉ង ទោះបីជាមានការអំពាវនាវ​ពីប្រទេសជាច្រើន រួមមាន ទាំងសម្ព័ន្ធមិត្តរបស់ ខ្លួន​អាម៉េរិក ដើម្បីបញ្ចៀសការរអិលធ្លាក់ទៅរកភាពកាន់តែតានតឹង នៅក្នុងតំបន់ ដែលមាន ភាព​ធ្ងន់ធ្ងររួចហើយដោយសារសង្រ្គាមនៅដែនដីហ្គាហ្ស៉ា។

អគ្គមេបញ្ជាការនៃយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ ហ៊ែរហ្ស៊ី ហាឡឺវី ក្នុងដំណើរ​ទស្សនកិច្ច​នៅមូលដ្ឋានណាវ៉ាទីម (ភាគខាងត្បូង) ដែលរងការវាយប្រហារ បានថ្លែងថា ទាហានអ៊ីស្រាអែល នឹងវាយតប សម្រាប់ការបាញ់មីស៊ីលដ៏ច្រើន និងដ្រូនរបស់អ៊ីរ៉ងទៅលើ​ទឹកដីរដ្ឋអ៊ីស្រាអែល។

យោងតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានឲ្យដឹងថា ចាប់តាំងថ្ងៃអាទិត្យ មានការអំពាវនាវកើនឡើងដើម្បីរារាំង​ការវាយតបដ៏សម្បើម ដែលប្រថុយ​នឹងធ្វើឲ្យតំបន់នេះឆាបឆេះបន្តទៀត ដែលវានៅនឹងគែមអន្លង់ជ្រោះជ្រៅទៅហើយ។

កាលពីថ្ងៃចន្ទ នាយកទីភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិក (AIEA) លោករ៉ាហ្វ៉ាអែល ហ្គ្រូស៊ី បានថ្លែងថា អ៊ីរ៉ងបានបិតរោងចក្រនុយក្លេអ៊ែររបស់ខ្លួនកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃនៃការ​វាយ​ប្រហារ​ប្រឆាំងអីស្រាអែល។

នៅអំឡុងសន្និសីទសារព័ត៌មាននៅខាងក្រៅ​កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ​សហ​ប្រជាជាតិ ដែលសំដៅ​លើរោងចក្រនុយក្លេអ៊ែរ អ៊ុយក្រែន ហ្សាប៉ូរីស្យា លោករ៉ាហ្វ៉ាអែល ហ្គ្រូស៊ី ត្រូវបានសាកសួរអំពីលទ្ធភាពនៃការវាយប្រហារសងសឹង​របស់អ៊ីស្រាអែល​ប្រឆាំង​នឹង​រោងចក្រ​នុយក្លេអ៊ែរអ៊ីរ៉ង។ ប្រមុខAIEA បានឆ្លើយតបថា ៖ “ជានិច្ចកាល យើងមានការ​ព្រួយ​បារម្ភ​អំពី​លទ្ធភាពនៃ​សង្រ្គាម។”

ទីភ្នាក់ងារព័ត៌មានផ្លូវការចិនបានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋមន្រ្តីកិច្ចការបរទេសចិន លោកវ៉ាង យី បានពិភាក្សាតាមទូរសព្ទ ជាមួយសមភាគីអ៊ីរ៉ង់របស់​លោក និងបញ្ជាក់ថា ទីក្រុង​តេអេរ៉ង់ ជាថ្មីម្តងទៀត បានសម្តែងឆន្ទៈ​បន្ធូរបន្ថយសភាពការណ៍ បន្ទាប់ពីការវាយប្រហារមិន​ធ្លាប់​មាន​​ទៅលើដែនដីអ៊ីស្រាអែល។ យោងតាមភាគីចិន លោកហូសសេន អាមៀ អាបដូលឡាហៀន រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង បានបង្ហាញប្រាប់លោកវ៉ាង​យី អំពីជំហរបស់អ៊ីរ៉ង ឆ្លើយតបនឹងការទម្លាក់​គ្រាប់​បែក ដែលត្រូវបានដាក់បន្ទុកលើអីស្រាអែល ទៅលើស្ថានទូត​អ៊ីរ៉ង​នៅទីក្រុងដាម៉ាស ប្រទេស​ស៊ីរី។ ជានិច្ចកាល យោងតាមទីភ្នាក់ងារព័ត៌មានចិន ការ​ទូត​អ៊ីរ៉ង បានវាយតម្លៃថា ក្រុមប្រឹក្សា​សន្តិ​សុខ​នៃអង្គការសហប្រជាជាតិ មិនបាននាំមកនូវ​ការ​ឆ្លើយ​តបចាំបាច់សម្រាប់​ការ​វាយ​ប្រហារ​នេះ និងថា អ៊ីរ៉ង មានសិទ្ធស្វ័យការពារខ្លួន ក្នុង​ការ​ឆ្លើយ​តបនឹងការរំលោភ​ដែន​អធិបតេយ្យ។

ក្រឡេកមើលទៅកាន់​សហរដ្ឋ​អាម៉េរិក ប្រមុខសភាជាន់ទាបនៃសភាអាម៉េរិក បានថ្លែងកាល ពីថ្ងៃចន្ទថា សភាតំណាងរាស្រ្តអាម៉េរិកនឹងបោះឆ្នោត​នៅសប្តាហ៍នេះ​នៅលើពង្រាង​ច្បាបដាច់ ដោយឡែកៗពីគ្នា សម្រាប់ជំនួយទៅអ៊ុយក្រែន និងអ៊ីស្រាអែល បន្ទាប់ពីច្រើនខែ​នៃ​នយោបាយខុសគ្នារវាងរដ្ឋបាលលោកចូ បាយឌិន និងអ្នក​ប្រឆាំងមកពីបក្សសាធារណរដ្ឋ។

កញ្ចប់ថវិកា ៦០ពាន់លានដុល្លារ គឺសម្រាប់ទីក្រុងគៀវ ដែលទាមទារដោយប្រធានាធិបតី​មក​ពី​គណបក្សប្រជាធិបតេយ្យ ត្រូវបានរាំងខ្ទប់ នៅសភាអាម៉េរិក ជាច្រើនខែមកហើយ ក៏ដូចជា កញ្ចប់​ថវិកាសម្រាប់ជួយអ៊ីស្រាអែលផងដែរ។

លោកម៉ៃ ចនស៊ុន ប្រមុខក្រុមសាធារណរដ្ឋ​នៃសភា​តំណាងរាស្រ្ត បានថ្លែងថា ៖ “នៅសប្តាហ៍​នេះ យើងនឹងពិនិត្យសំណើនៃច្បាប់ដាច់ដោយឡែកៗ ពីគ្នា ដែលមានច្បាប់អនុញ្ញាតឲ្យជួយ​សម្ព័ន្ធមិត្តរបស់យើង អ៊ីស្រាអែល និងគាំទ្រអ៊ុយក្រែន​ក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពាន​របស់រុស្ស៊ី”។

 

Daily Program

Livesteam thumbnail