អូស្ត្រាលីអញ្ជើញលោក ស សុខា បំពេញទស្សនកិច្ចស្វែងយល់​ពីការងារអន្តោប្រ​វេ​សន៍ សន្តិសុ​ខសាយប័រ​ វិមជ្ឈការ និងវិសហមជ្ឈការ

ក្រសួ​ងមហាផ្ទៃអូស្រ្តាលី ​បានអញ្ជើញលោក ស សុខា រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃទស្សនកិច្ចសិក្សា នៅប្រទេសអូស្រ្តាលី នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

លោករដ្ឋមន្ត្រី បាន​លើកឡើងការគ្រោងបំពេញទស្សនកិច្ចនេះ ​ក្នុងឱកាសលោក​អនុញ្ញាតឱ្យ​លោក Pablo Kang ភារធារីស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នេះ។

លោកឧបនាយករដ្ឋមន្ត្រី បាន​លើកឡើងឱ្យដឹងថា ទស្សនកិច្ចនេះ មានគោលបំណងជួយភាគីក​ម្ពុជាដកស្រង់បទពិសោធន៍យុទ្ធសាស្រ្តពាក់ព័​ន្ធការងារអន្តោប្រ​វេ​សន៍ សន្តិសុខសាយប័រ​ និងកា​រងារវិមជ្ឈការ និងវិសហមជ្ឈការ។

លោកបានបញ្ជាក់ថា ៖ «គណៈប្រតិភូកម្ពុជាមានក្ដីសង្ឃឹមថានឹងទទួលបានបទពិសោធ និងចំ​ណេះដឹងថ្មីៗពីអូស្រ្តាលី ទាំងលើការងារគ្រប់​គ្រ​ងកងកម្លាំងនគរបាលជាតិ ការជំរុញទំនាក់ទំនងបណ្តុះបណ្តាល​មន្រ្តីនគរបាលលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ»។​​

ក្នុងជំនួបដែលត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃដដែល លោក ស សុខា ក៏បានផ្តាំផ្ញើនូ​វសេចក្ដីសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនចំពោះលោក Pablo Kangផងដែរ។

លោក ស សុខា ក៏​បានចាត់ទុក វត្តមានរបស់ភារធារីស្ថានទូតអូស្រ្តាលី ក្នុងជំនួបនេះ​ថា​ជាការបង្ហាញឱ្យឃើ​​ញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តប​ង្កើ​នកិច្ចសហប្រ​តិបត្តិ​កា​រ​រវាងរដ្ឋា​ភិបា​ល​អូ​ស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា ទាំងនាពេ​ល​ប​ច្ចុ​ប្បន្ន និ​ងទៅអនាគត។

 

នាឱកាសនោះដែរ លោក Pablo Kang ក៏បានបង្ហាញការឯកភាពចំ​ពោះ​ការវាយតម្លៃរបស់លោក ស សុខា​ លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេ​សទាំងពីរកម្ពុជា-អូស្រ្តាលី។

លោកភារធារីស្ថានទូតអូស្រ្តាលី ក៏បានរម្លឹកអំពីលទ្ធផលវិជ្ជមាន​នៃដំណើរទស្សនកិច្ច រ​បស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចូលរួមកិច្ចប្រ​ជុំកំពូលពិសេសអាស៊ាន​-អូស្រ្តាលី នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២-៦ ខែមីនា ឆ្នាំ​២០​២​៤ ដែលឈានដល់ការចុះហត្ថលេខាឱ្យមានជើងហោះហើរត្រង់ពីប្រទេ​សអូស្រ្តាលីមកកម្ពុជា។

ក្នុងជំនួបនោះដែរ លោក Pablo Kang និងលោក ស សុខា ក៏បានវាយតម្លៃខ្ពស់អំពីដំណើរការនៃ​កិច្ចសហប្រតិ​ប​ត្តិការរវាងភាគីទាំងពីរ​ និងបានពិភាក្សាគ្នាអំពីការងារអន្តោប្រវេសន៍ ការប្រ​យុ​ទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមានការជួញដូរ រត់ពន្ធមនុស្ស និងគ្រឿងញៀន​ បទល្មើសបច្ចេកវិ​ទ្យា និងកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកា​រងារគណ​នេយ្យ​ភាពសង្គមនៅកម្ពុជា និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។

សូមរម្លឹកដែរថា លោក ស សុខា ទើបតែបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិ​ច្ចប្រកបដោយជោគជ័យរយៈពាលជាង១សប្ដាហ៍ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័​ន្ធអាល្លឺម៉ង់។

តាមរយៈទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២នេះ លោកបានដកស្រង់បទពិសោធបន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងអាល្លឺម៉ង់ ដើម្បីជំរុញដំណើរការកំណែទ​ម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន៕

Daily Program

Livesteam thumbnail