អូតូដុកនៅអ៊ុយក្រែនប្រារព្ធបុណ្យចម្លងនៅក្នុងសង្រ្គាម
គ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍អកតូដកនៅក្នុងប្រទេសអ៊ុយក្រែន បានរៀបចំឆ្លងពិធីបុណ្យចម្លង កាលពីចុងសប្តាហ៍កន្លងទៅក្រោមស្រមោលនៃសង្រ្គាមដែលនៅតែក្តៅងុំ។
ពិធីបុណ្យចម្លងតាមប្រតិទិននៃព្រះសហគមន៍អកតូដកនេះ គឺរៀបចំឡើងនៅពេលមានសេចក្តីរាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ ខណៈដែលកងទ័ពរុស្ស៊ីកំពុងឈានទៅមុខបន្ថែមទៀតនៅភាគខាងកើតអ៊ុយក្រែន។
ការរៀបចំបុណ្យចម្លងនៅឆ្នាំនេះគឺជាឆ្នាំទី៣ហើយដែលពលរដ្ឋអ៊ុយក្រែនទទួលអំណរបុណ្យចម្លងនៅក្រោមសំពាធនៃសង្រ្គាមចាប់តាំងពីរុស្ស៊ីលុកលុយអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២មក។
ពិធីបុណ្យចម្លងរបស់អ៊ុយក្រែននេះ គឺត្រូវបាន ប្រារព្ធឡើងដោយយោងតាម ប្រតិទិនជូលៀន (Julian ) ហើយពលរដ្ឋ នៅទូទាំងប្រទេសអ៊ុយក្រែនបានឆ្លងពិធីបុណ្យនេះនៅក្រោមក្តីសង្ឃឹមថា នឹងមានសន្តិភាព។
ពលរដ្ឋនៅក្នុងប្រទេសនេះ បាននាំគ្នាអធិដ្ឋាននិងទូលអង្វព្រះជាម្ចាស់សុំសន្តិភាព បន្ទាប់ពីសង្រ្គាមបានសម្លាប់មនុស្ស និងបង្ករបួសស្នាមរាប់ពាន់នាក់៕