អាមេរិកប្រគល់ វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ជូនកម្ពុជា
កម្ពុជា និងអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ។
យោងតាមតេឡេក្រាមរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែមេសា បានលើកឡើងថា លោក ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ថា វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ។
លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕