អាមេរិកជំរុញក្រុមហាម៉ាសទទួលយកសំណើរបស់អ៊ីស្រាអែល
រដ្ឋមន្ត្រីការបរទេសអាមេរិកបានជំរុញឱ្យថ្នាក់ដឹកនាំក្រុមហាម៉ាស់ទទួលយកនូវអ្វីដែលលោកហៅថាជា «សំណើដ៏សប្បុរស» របស់អ៊ីស្រាអែលសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដើម្បីទទួលបានការដោះលែងចំណាប់ខ្មាំង។
សម្ដីរបស់លោក អេនតូនី ប្លិនឃិន ( Anthony Blinken) បានធ្វើឡើងកាលពីថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងរីយ៉ាដ ខណៈដែលអ្នកចរចារបស់ក្រុមហាម៉ាសកំពុងរៀបចំជួបអ្នកសម្របសម្រួលកាតា និងអ្នកសម្របសម្រួលអេហ្ស៊ីបនៅទីក្រុងគែរ។
ពួកគេត្រូវបានគេរំពឹងថានឹងផ្តល់ការឆ្លើយតបទៅនឹងសំណើបទឈប់បាញ់ជាដំណាក់កាលដែលអ៊ីស្រាអែលបានបង្ហាញនៅចុងសប្តាហ៍ មុនការគំរាមកំហែងរបស់អ៊ីស្រាអែលដែលគ្រោងលុកលុយទៅលើទីក្រុង Rafah ក្រោយពេលដែលទទួលរងនូវការវាយប្រហារតាមអាកាសដែលបានសម្លាប់មនុស្សរាប់សិបនាក់។
ការវាយប្រហារនេះកើតឡើងចំពេលមានការខិតខំប្រឹងប្រែងជាអន្តរជាតិជាថ្មីដើម្បីស្វែងរកបទឈប់បាញ់នៅក្នុងជម្លោះជិត ៧ ខែដែលបង្កឡើងដោយការវាយលុកដោយពួកសកម្មប្រយុទ្ធហាម៉ាសដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១ ២០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៥០នាក់កាលពីថ្ងៃទី៧ ខែតុលា។
ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង ៣៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅហ្គាហ្សា៕