អាជ្ញាធរមីន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ
អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីអំពាវនាវ ឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បន្ទាប់ពីមានប្រជាពលរដ្ឋបានរងគ្រោះថ្នាក់របួស និងឈានដល់ការបាត់បង់អាយុជីវិតផងដែរ។
យោងតាមសេចក្តីអំពាវនាវ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ថ្មីៗនេះមានករណីប្រជាពលរដ្ឋយកគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះមកកាន់ គប់ ដំ គ្រវែង និងកែច្នៃ បណ្តាលឱ្យគ្រោះថ្នាក់កើតឡើងជារបួសស្នាម និងរហូតដល់ បាត់បង់អាយុជីវិតជាច្រើននាក់។
សេចក្តីអំពាវនាវបានបញ្ជាក់ថា ៖ «អាជ្ញាធរមីន សូមជម្រាបជូនថា ទោះបីសង្គ្រាមនៅកម្ពុជាបានបញ្ចប់ ជាច្រើនទសវត្សរ៍ ហើយប្រតិបត្តិករជាតិ-អន្តរជាតិខិតខំបំពេញបេសកកម្មបោសសម្អាតយុទ្ធភណ្ឌដែលនៅសេសសល់ពីសង្គ្រាមយ៉ាងសស្រាក់សសាំក៏ដោយ ប៉ុន្តែវិសាលភាពនៃសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះមាន ទំហំធំធេង ស្ថិតនៅរាយប៉ាយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
ដើម្បីបង្ការ និងទប់ស្កាត់ បាននូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ សូមធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដូចខាងក្រោម៖
១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះ ដើម្បីយក គ្រាប់ទាំងនោះទៅកម្ទេចចោល។
២. សូមកុំចូលទៅតំបន់ណាដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់វាអាចមានគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។
៣. សូមកុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសបោកយកត្រី វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
៤. សូមកុំទិញ លក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្ក គ្រោះថ្នាក់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការដល់ខ្លួនឯង គ្រួសារ និងអ្នកជិតខាង៕