អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពីការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាព លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា, លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រួមទាំងសិក្ខាកាមសរុបចំនួន២៥រូប ជាមន្ត្រី-បុគ្គលិក ភ្នាក់ងារទេសចរ និងភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញ ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងក្នុងឱកាសនោះថា ៖ «វគ្គបណ្តុះបណ្តាលនេះ ពិតជាសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាព ការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារ និងអ្នកគ្រប់គ្រងនៅតាមគោលដៅប្រាសាទនានា»។
លោកបានបន្តថា ៖ «ធ្វើយ៉ាងណាធានាបាននូវកិច្ចការពារ ការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព»។
អគ្គនាយករងអាជ្ញាធរជាតិអប្សរារូបនេះ ក៏បានជំរុញណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែមនូវចំណេះដឹង ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ជូន ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារថែរក្សា និងគ្រប់គ្រងរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានប្រសិទ្ធភាពល្អថែមទៀត។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពីការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៕