អ.ស.ប៖ វិបត្តិនៅប្រទេសហៃទីកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ
របាយការណ៍ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានពិពណ៌នាអំពីស្ថានភាពនៅក្នុងប្រទេសហៃទីថា "កាន់តែអាក្រក់ទៅៗ" ហើយបញ្ជាក់ថា មនុស្សចំនួន ៤.៤៥១នាក់ត្រូវបានសម្លាប់កាលពីឆ្នាំមុន និងច្រើនជាង ១.៥០០ នាក់នៅដើមឆ្នាំនេះ។
របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាន សង្កត់ធ្ងន់ថា ស្ថានការណ៍កាន់តែអាក្រក់ទៅៗ ចាប់តាំងពីក្រុមក្មេងទំនើងតាមដងផ្លូវបានបង្កើតសម្ព័ន្ធភាព ដោយរួមបញ្ចូលគ្នាដើម្បីវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ បិទច្រកចូលកំពង់ផែ និងវាយប្រហារជាប្រព័ន្ធលើស្ថានីយ៍ប៉ូលីស ។
របាយការណ៍បញ្ជាក់ថាមនុស្ស៤.៤៥១នាក់ត្រូវបានសម្លាប់កាលពីឆ្នាំមុន ហើយ ១.៥៥៤គឺស្លាប់ពីដើមឆ្នាំ រហូតដល់ថ្ងៃទី ២២ ខែមីនា។
ទាំងនេះជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ការសងសឹក ការវាយដំ ការគប់ដុំថ្ម ការដុត ការសម្លាប់ដោយភ្លើងឆេះ និងសូម្បីតែអាក្រក់ជាងនេះទៅទៀត ដោយសារក្រុមក្មេងទំនើង ។
មកដល់ពេលនេះក្រុមក្មេងទំនើងបាន គ្រប់គ្រងច្រើនជាងប៉ែតសិបភាគរយនៃរដ្ឋធានី ខណៈដែលសហគមន៍អន្តរជាតិកំពុងស្វែងរកជំនួយពីអន្តរជាតិ ។
របាយការណ៍របស់អង្គការសហប្រជាជាតិបានស្តីបន្ទោសអំពើពុករលួយ និទណ្ឌភាព អភិបាលកិច្ចមិនល្អ និងក្រុមក្មេងទំនើង ដែលបានបំផ្លាញច្បាប់ និងសណ្តាប់ធ្នាប់ដល់កម្រិត ជិតដល់ការដួលរលំទាំងស្រុង។
នៅពេលនេះលោក អារៀល ហេនរី ( Ariel Henry) ដែលជានាយករដ្ឋមន្ត្រី មិនអាចត្រឡប់ទៅប្រទេសហៃទីវិញបានទេ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកេនយ៉ា ដើម្បីអំពាវនាវឱ្យកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ ជួយអន្តរគមន៍៕