អភិបាលព្រះសហគមន៍មួយរូបត្រូវប៉ូលីសចាប់ខ្លួន

អាជ្ញាធរនៃប្រទេសមួយដែលស្ថិតនៅតំបន់អាមេរិកកណ្តាលបានឃាត់ខ្លួនលោកអភិបាលនៃព្រះសហគមន៍កាតូលិកមួយរូបទៀត ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោក អ៊ីស៊ីដូរ៉ូ ដែល ខាមេន ម៉ូរ៉ា អូតេហ្គា ( Isidoro del Carmen Mora Ortega) អភិបាលនៃព្រះសហគមន៍ ស៊ីយូណា (Siuna) នៅក្នុងប្រទេ​ស នីការ៉ាហ្គ័រ បានត្រូវសមត្ថកិច្ចប៉ូលីសនៅក្នុងប្រទេសនេះចាប់ខ្លួន ។

ប្រភពដដែលបានបន្តថា លោកអភិបាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពេលដែលលោក បានរៀបចំពិធីអធិដ្ឋានជាសាធារណៈជូនលោក រ៉ូឡានដូ អាល់វ៉ារ៉េ (Rolando Álvarez) អភិបាលនៃព្រះសហគមន៍កាតូលិក នៃព្រះសហគមន៍ ម៉ាតាហ្គាល់ប៉ា (Matagalpa) ដែលត្រូវបានសមត្ថកិច្ចនេះចាប់ខ្លួននិងកាត់ទោសដាក់ពន្ធនាគារ២៦ ឆ្នាំដោយមិនឆ្លងកាត់ការកាត់ក្តីតាមផ្លូវតុលាការឡើយ ។​

ការចាប់ខ្លួននេះត្រូវបានគេរាយការណ៍ថា បានធ្វើតាំងតែពីថ្ងៃទី​២០ ខែ ធ្នូ ឆ្នាំ ២០២៣ មកម្ល៉េះ ដោយការចាប់ខ្លួននេះគឺដោយរូមទាំងនិស្សិតទេវវិទ្យាល័យ២ រូប និង បុរសបីរូបទៀតដែលគេ នៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយ។​

នៅពេលនេះទំនាក់ទំនងរវាងប្រទេសនីការ៉ាហ្គ័រ និង វ៉ាទីកង់កាន់តែ ធ្លាក់ចុះ ក្រោយពេល អាជ្ញាធរនៅក្នុងប្រទេសនេះបានចាប់ខ្លួនលោកអភិបាល​ រ៉ូឡានដូ អាល់វ៉ារ៉េ ឃុំឃាំង។ ក្រោយការចាប់ខ្លួនអាជ្ញាធរប្រទេសនេះ បានប្រកាសផ្អាកទំនាក់ទំនងការទូតជាមួយនឹង វ៉ាទីកង់ និងបានបណ្តេញឯកអគ្គរាជទូតចេញពីប្រទេសផងដែរ៕

Daily Program

Livesteam thumbnail