អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត ៣ ប្រឡងជាប់ ១០០%
ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។
បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ មណ្ឌលប្រឡងរបស់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សន្តហ្វ្រង់ស្វ័រ មានចំនួន ៨បន្ទប់ ដែលមានបេក្ខភាពប្រឡងសរុប ១៤៦នាក់ ជាប់ ១៤៥នាក់ គិតជាភាគរយបេក្ខជនប្រឡងជាប់គឺ ១០០ភាគរយ។ បើគិតត្រឹមសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦នេះ បេក្ខជនទទួលបានលំដាប់និទ្ទេសដូចខាងក្រោម៖ បេក្ខភាពសរុប ៤១នាក់ ស្រី ២០នាក់៖ និទ្ទេស A៖ ០២នាក់ និទ្ទេស B៖ ០៤នាក់ និទ្ទេស C៖ ១៦នាក់ និទ្ទេស D៖ ១៨នាក់ និទ្ទេស E៖ ០១នាក់ គិតជាភាគរយគឺជាប់ ១០០ភាគរយ។
លោក យុន សំអាត បានបន្តឱ្យដឹងថា ដើម្បីជំរុញឱ្យសិស្សានុសិស្សទទួលបានផ្លែផ្កាល្អជារៀងរាល់ឆ្នាំ សាលាបានឈរលើគោលការណ៍សំខាន់ៗចំនួន ៤ គឺ៖ ១. អនុវត្តរាល់ការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ២. អនុវត្តការបណ្តុះបណ្តាលតាមបែបបច្ចេកទេសត្រឹមត្រូវ និងស្តង់ដារ ដោយមានទាំងការអនុវត្តជាក់ស្តែង និងទ្រឹស្តីដើរទន្ទឹមគ្នា។ ក្នុងនោះដែរ ក៏មានការចុះទស្សនកិច្ចសិក្សា និងការអនុវត្តជាក់ស្តែងនៅតាមស្ថាប័ន ឬបណ្តាក្រុមហ៊ុននានាផងដែរ។ ៣. សិស្សានុសិស្សបានអនុវត្តតាមវិធីសាស្ត្រចម្រុះ ដោយបានបូកបញ្ចូលរបៀបបង្រៀនរបស់គ្រូមជ្ឈមណ្ឌល និងការអនុវត្តជាក់ស្តែងដើម្បីវាស់ស្ទង់សមត្ថភាពសិស្ស។ ៤. ការអនុវត្តវិន័យដ៏តឹងរឹងទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស ដែលស្របទៅនឹងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
អ្វីដែលកាន់តែពិសេសនោះគឺ ទាំងនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានសហការគ្នាយ៉ាងជិតស្និទ្ធ ដោយទទួលយកចំណុចកែលម្អរៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាក៏ដោយឱ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
លោកនាយកសាលាខាងលើបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលអប់រំបច្ចេកទេស និងវិជ្ជាជីវៈ គឺមានលក្ខណៈពិសេស ដោយតម្រូវឱ្យសិស្សត្រូវមានចំណេះដឹង ចំណេះធ្វើ និងឥរិយាបទល្អ ព្រោះថាការសិក្សាបច្ចេកទេសកម្រិត ៣ នេះ ក្រោយពេលបញ្ចប់ សិស្សនឹងទទួលបានលិខិតបញ្ជាក់ការសិក្សាដែលមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងអាចចូលបម្រើការងារតាមស្ថាប័ន ឬក្រុមហ៊ុនផ្សេងៗ តាមជំនាញដែលបានសិក្សាកន្លងមកបាន។
សូមបញ្ជាក់ផងដែរថា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ បង្កើតឡើងក្នុងឆ្នាំ២០១៥ នៅក្នុងទឹកដីស្រុកត្រាំកក់ ខេត្តតាកែវ ដោយស្ថិតក្រោមការឧបត្ថម្ភគាំទ្រពីព្រះសហគមន៍កាតូលិក ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាល អូលីវីយេ ជ្មីសហស្លេរ (Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានជំនាញកសិកម្ម ១១ជំនាញ និងជំនាញទេសចរណ៍ ៦ជំនាញ។ ហើយសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សាលានឹងបន្ថែមមុខជំនាញថ្មីមួយទៀតគឺ Digital Media Design, Art & AI ដោយជំនាញថ្មីនេះបើកទទួលសិស្សតែចំនួន ២៥នាក់ដំបូងប៉ុណ្ណោះ នេះជាการបញ្ជាក់របស់លោក យុន សំអាត ដែលមានតួនាទីជានាយកសាលាខាងលើ។
ដោយ ឆាក លាំង
