អតីតនិស្សិតជេស្វីតជួបជុំគ្នានៅឥណ្ឌូនេស៊ី ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំដែលជំរុញដោយជំនឿ
សមាជសហភាពអតីតនិស្សិតជេស្វីតពិភពលោកលើកទី១១ បានបើកនៅថ្ងៃទី៣០ ខែកក្កដា នៅសាលប្រជុំមួយនៃសាកលវិទ្យាល័យ សាណាតា ដាម៉ា (Sanata Dharma) ក្នុងទីក្រុងយ៉ូកចាកាតា (Yogyakarta) ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងអប់រំនៅលើកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ី ដោយបានប្រមូលផ្តុំអតីតនិស្សិតជេស្វីតជាង ១,០០០នាក់ មកពីស្ថាប័នអប់រំជេស្វីតជុំវិញពិភពលោក។
សមាជនេះប្រារព្ធឡើងក្រោមប្រធានបទ "រួបរួមគ្នាក្នុងស្មារតី ដឹកនាំដោយមានគោលបំណង" និងជាខួបលើកទី៧០ នៃសហភាពអតីតនិស្សិតជេស្វីតពិភពលោក ព្រមទាំងស្វែងរកការពង្រឹងបណ្តាញអតីតនិស្សិតជេស្វីតសកលក្នុងការដោះស្រាយភាពជាអ្នកដឹកនាំ ការអប់រំ ការកសាងសន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌សង្គម។
ក្នងចំណោមអ្នកចូលរួម មានលោកបូជាចារ្យ អាទូរ៉ូ សូសា (Arturo Sosa) អគ្គទេសាភិបាលជាន់ខ្ពស់នៃសមាគមព្រះយេស៊ូ ដែលបានធ្វើដំណើរពីទីក្រុងរ៉ូមដើម្បីចូលរួមការជួបជុំនេះ។ នាឱកាសនោះ លោក អាលបឺទូ បាហ្គូ ឡាកាសាណា (Albertus Bagus Laksana) អភិបាលនៃសមាគមព្រះយេស៊ូឥណ្ឌូណេស៊ី បានពិពណ៌នាអំពីសមាជនេះថាជាឱកាសមួយដើម្បីបន្តមិត្តភាព និងពង្រឹងបេសកកម្មរួមគ្នារបស់អតីតនិស្សិតជេស្វីតទូទាំងពិភពលោក។
លោកបានថ្លែងអំណរគុណដល់អ្នករៀបចំ និងអាជ្ញាធរមូលដ្ឋានសម្រាប់ការគាំទ្រការជួបជុំអន្តរជាតិនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ និងការអប់រំកម្រិតខ្ពស់ឈានមុខគេមួយរបស់ប្រទេសឥណ្ឌូនេស៊ី។ នាឱកាសនោះ ដោយផ្អែកលើបន្ទូលកាលពីពេលថ្មីៗរបស់សម្តេចប៉ាប លោកបូជាចារ្យ បាហ្គូ បានព្រមានកុំឱ្យមើលមនុស្សតែតាមរយៈកែវភ្នែកផលិតភាព ឬប្រសិទ្ធភាព។
លោកបានមានប្រសាសន៍ថា៖ "យើងត្រូវបានអំពាវនាវឱ្យរក្សាសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប និងក្លាយជាពលរដ្ឋសកលដែលប្តេជ្ញាចិត្តចំពោះសន្តិភាព សាមគ្គីភាព និងយុត្តិធម៌"។
