អង្គការការីតាស និង​ដៃគូរៀបចំយុទ្ធសាស្ត្រ​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​

សមាជិកនៃ​អង្គការ​ការីតាសនិងដៃគូក្នុង​និងក្រៅប្រទេស ចំនួន​២០នាក់ ចូលរួម​សិក្ខាសាលាស្ដីអំពី​ក្របខណ្ឌឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុថ្នាក់តំបន់អាស៊ីអាគ្នេយ៍​ថ្ងៃទី៨-១១ កក្កដា ២០២៤​នៅភ្នំពេញ​ដែលរៀបចំដោយ​អង្គការការីតាស​អូស្ត្រាលី  សហការ​ជាមួយ​អង្គការការីតាស​ឥណ្ឌូណេស៊ី  ការីតាស​ហ្វីលីពីន  ការីតាស​កម្ពុជា  អង្គការដៃគូ​ដូចជា អង្គការ​អភិវឌ្ឍ​ន៍និងភាពជាដៃគូក្នុង​សកម្មភាព(DPA) និងអង្គការ​សមាគមថែរក្សាបរិស្ថាន​និងវប្បធម៌​(CEPA)។​

លោក​យ៉ូសែប កូដាម៉ានឆាលី ជា​ទីប្រឹក្សា​ថ្នាក់តំបន់​អាស៊ី​នៃ​អង្គការការីតាស​អូស្ត្រាលី មាន​ប្រសាសន៍អំពី​គោលដៅនៃ​សិក្ខាសាលានេះ​ថា អង្គការការីតាស​ក្នុង​តំបន់​ដែល​មាន​កម្ពុជា ឥណ្ឌូណេស៊ី  ហ្វីលីពីន និង​ទីម័រខាងកើត ចង់បង្កើត​គោលនយោបាយ​រួម​មួយ​ដើម្បីឆ្លើយតបនឹង​ការប្រែប្រួល​អាកាសធាតុ។

លោក​យ៉ូសែប ឲ្យដឹងថា ការីតាស​អូស្ត្រាលី​មាន​បេសកកម្មនៅតំបន់​អាស៊ី​អាគ្នេយ៍  ដែលមាន​ដៃគូសហការនៅកម្ពុជា វៀតណាម ហ្វីលីពីន និង​ទីម័រខាងកើត​។  លោក​បន្ថែមថា ពេលនេះ​យើង​ចង់ឱ្យ​ពួកគាត់នៅជាមួយគ្នា រៀបចំ​ផែនការនិង​សកម្មភាពរួម អំពី​ការ​ប្រែប្រួល​អាកាសធាតុ ដែលកំពុង​កើត​មានឡើង ដើម្បីយក​ទៅ​អនុវត្តនៅក្នុង​តំបន់ និង​តាម​ប្រទេសរៀងខ្លួន។

លោក​ថា៖ «ការប្រែប្រួល​អាកាសធាតុ​កំពុង​ប្រកាសអាសន្ន និង​បន្ទាន់មួយក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។»​

ក្នុង​ជំនួប​រយៈពេល​បួនថ្ងៃនេះ អង្គការ​ការីតាស​និង​ដៃគូ នឹង​បង្កើត​ឱ្យ​មានដំណាក់កាល​ដែល​ជាយុទ្ធសាស្ត្រតម្រង់ទិស ដើម្បីយកទៅប្រើប្រាស់ស្វែងរក​កិច្ចគាំទ្រពីម្ចាស់ជំនួយ និងកិច្ចសហការពីរដ្ឋាភិបាល អន្តរាគមន៍​លើផែនការសកម្មភាពទាំងនោះ ឆ្លើយ​តបនឹង​តម្រូវការ​របស់ជនក្រីក្រ​ដែលរងឥទ្ធិពលពីបម្រែបម្រួល​អាកាសធាតុ​នេះ។​ នេះ​បើ​តាម​ការ​ឲ្យដឹងពី​លោក​យ៉ូសែប។

ក្នុងកម្មវិធីនេះ សិក្ខាកាម​ទាំងអស់​បាន​ចាប់ផ្ដើម​ឈ្វេងយល់​អំពី​គ្នាទៅវិញទៅមក អំពី​ទស្សនវិស័យ​និង​បេសកកម្ម​របស់ស្ថាប័ន​នីមួយៗ និង​ដាក់​ធាតុចូលសំខាន់ៗ ដើម្បីរៀបចំ​ផែនការរួមគ្នាឆ្លើយតប​នឹង​ការប្រែប្រួលអាកាសធាតុ​ដែល​កំពុង​កើត​មាន​នៅក្នុង​ថ្នាក់តំបន់។ ក្នុង​នោះ​ដែរ​ក៏បាន​រិះគិត​អំពី​ស្នាព្រះហស្ដរបស់​ព្រះជាម្ចាស់ និង​សេចក្ដីថ្លៃថ្នូរ​របស់មនុស្ស​ជាតិ​និង​បរិស្ថាន ​ដោយផ្តោត​សំខាន់​លើ​ឯកសារ​ឡោដាវតូស៊ី​របស់​សម្ដេចប៉ាប​ហ្រ្វង់ស៊ីស្កូ និង​ផ្អែក​លើ​បរិបទក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

 

លោក​អភិបាល​អេនរីគេ ហ្វីការេដូ  អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគបាត់ដំបង​និង​ជា​ប្រធា​ក្រុមប្រឹក្សាភិបាលនៃ​អង្គការការីតាស​កម្ពុជា បានណែនាំ​អង្គប្រជុំ​អំពី​ព្រះសហគមន៍​និង​បម្រែបម្រួល​អាកាសធាតុ​នា​ថ្ងៃ​ទី​១។​

លោក​មាន​ប្រសាសន៍ថា យើង​ត្រូវ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ និង​មាន​ចិត្ត​ទូលំទូលាយ និង​បម្រើ​ដោយ​ចិត្តសុភាពរាបសារ។ លោក​អភិបាល​បន្ថែមថា ព្រះសហគមន៍​តែង​យកចិត្ត​ទុកដាក់​លើ​ធម៌មេត្តាករុណា  សាមគ្គីភាពជាមួយ​អ្នកក្រីក្រ  បង្កើត​ភាពជាបងប្អូន និង​ធ្វើ​ឱ្យមាន​សមធម៌  មិនមែន​សមភាពនោះឡើយ។  លោក​អភិបាល​ក៏សូម​ឱ្យ​ម្នាក់ៗដែលចូលរួម​ត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបទនៃការរស់នៅ​របស់ខ្លួន ដើម្បីរួមចំណែក​កាត់បន្ថយការបំពុល​បរិស្ថាន។​

អង្គការការីតាស  ជា​ស្ថាប័ន​របស់ព្រះសហគមន៍​កាតូលិក ដែលដើរតួយ៉ាងសំខាន់​ក្នុង​សង្គម ដើម្បី​គាំទ្រសកម្មភាពមេត្តាករុណា និង​បង្ហាញ​វត្តមាន​របស់ព្រះជាម្ចាស់​ដល់​មនុស្សទាំងអស់។

នាថ្ងៃបិទ​សិក្ខាសាលានេះអ្នកស្រី ជីង រ៉ៃ ហេនដឺសុន ប្រធានផ្នែកកម្មវិធីអេកូឡូជី​ជាតិ​របស់​អង្គការការីតាស​ហ្វីលីពីន និយាយថា ព្រះសហគមន៍កាតូលិក ជាពិសេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បាន​ធ្វើ​ការ​យ៉ាង​ច្រើន​ទាក់ទងនឹង​ការការពារ​អេកូបរិស្ថាន។ ហើយ​ក្នុង​អង្គសិក្ខាសាលា​នេះ ជួយ​ឲ្យ​យើង​ទទួល​បាន​គន្លឹះប្រយោជន៍​មួយ​ចំនួន​ដើម្បី​យក​ទៅ​អនុវត្ត​តាម​ប្រទេស។

ជីង​បន្ថែម​ទៀតថា យើង​ចង់​បង្កើត​គោលនយោបាយ​ដែល​ឲ្យ​សហគមន៍​យល់​ថា ពួកគាត់​មិន​គ្រាន់តែ​ដឹងថា​ ព្រះសហគមន៍​មាន​វត្ត​មាន​ជាមួយ​ពួកគេ​ប៉ុណ្ណោះទេ ប៉ុន្តែ​ឲ្យ​ពួកគាត់​យល់ថា មាន​មនុស្ស​និង​ស្ថាប័នច្រើន​ណាស់​ដែល​យកចិត្ត​ទុកដាក់​និង​គិត​គូរ​អំពី​សុខ​ទុក្ខ​របស់​ពួកគាត់ ហើយ​បញ្ជូល​ពួកគាត់​ក្នុង​គម្រោង​នៃ​អេកូឡូស៊ី​។

ជីង​​សង្ឃឹម​ថា កិច្ច​ប្រជុំ​នេះ នឹង​ជួយ​ឲ្យការីតាស​ទាំងមូល​អាច​បញ្ចេញសកម្មភាព។ ជីង៖ «យើង​ក្រោកឈរទាំងអស់​គ្នា និង​ធ្វើ​យុទ្ធនាការរួមគ្នា»។​

កញ្ញា ណៃ វិច្ឆិកា ប្រធានផ្នែក​អភិវឌ្ឍន៍​នៃ​អង្គការការីតាសកម្ពុជា ឲ្យដឹងថា នៅទីនេះ សមាជិក​ទាំងអស់​បាន​រៀន​សូត​ពីគ្នាទៅវិញទៅមក ទាំងបទពិសោធលើ​ផ្នែក​បច្ចេកទេស និង​របៀប​​អនុវត្ត​នៅតាម​ប្រទេស​នីមួយៗ។

វិច្ឆិកា​សង្ឃឹមថា៖ «យើង​នឹង​មាន​គម្រោងមួយ ដែលវា​គ្រប់ជ្រុងជ្រោយសម្រាប់​ការ​ឆ្លើយតបទៅនឹងលក្ខខណ្ឌ​អាកាសធាតុ​ក៏ដូចជា​បរិស្ថានទាំងមូល​សម្រាប់​ប្រទេស​ទាំង​បីនេះ»។

បន្ទាប់​ពី​សិក្ខាសាលានេះ សមាជិក​ចូលរួម​ទាំងអស់​បានកំណត់កាលបរិច្ឆេទ​ ដើម្បី​ប្រជុំ​គ្នា​និង​កែ​ទម្រង់​យុទ្ធសាស្ត្រ​និង​​គោលនយោបាយ​សម្រាប់​ការ​ឆ្លើយ​តប​ការ​ប្រែប្រួល​អាកាសធាតុ​ ក្នុង​កម្រិត​តំបន់ និង​ថ្នាក់​ជាតិ​ជាបន្តទៀត៕

អត្ថបទ​៖ កែវ កញ្ញា

 

Daily Program

Livesteam thumbnail