អគ្គភូមិភាគ​ខូឡូញ ពង្រីក​​កិច្ចសហប្រតិបត្តិការនៅអាស៊ី ឆ្ពោះទៅរកគម្រោងបៃតង និងស្វ័យភាព

អគ្គអភិបាល​ភូមិភាគ​ខូឡូញ កំពុងផ្លាស់ប្តូរទិសដៅនៃការគាំទ្ររបស់ខ្លួនចំពោះព្រះសហគមន៍នៅអាស៊ី ដោយមិនបន្តផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តបែបប្រពៃណីទៀតឡើយ ប៉ុន្តែបង្កើនការយកចិត្តទុកដាក់លើការទទួលខុសត្រូវផ្នែកបរិស្ថាន ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងស្តង់ដារកិច្ចការពារសុវត្ថិភាព។

នៅក្នុងការថ្លែងសុន្ទរកថានាថ្ងៃទី ២៣ ខែកក្កដា ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសហព័ន្ធក្រុមប្រឹក្សាអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា អ្នកសម្របសម្រួលគម្រោង លោកអាលេសានដ្រូ ចៀរីហ្គាតូ (Alessandro Chieregato) បាន​រំលេចនូវយុទ្ធសាស្ត្រថ្មីនេះ ខណៈដែលនាយកដ្ឋានព្រះសហគមន៍សកល​ ប្រារព្ធខួបលើកទី ៥០ របស់ខ្លួន។

ផ្អែកលើការឆ្លុះបញ្ចាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា ព្រះវិហារ និងទេវវិទ្យាល័យ អស់រយៈពេលប្រាំទសវត្សរ៍មកនេះ លោកចៀរីហ្គាតូ បានកត់សម្គាល់ថា តម្រូវការផ្នែក​គង្វាលកិច្ច​ទាមទារឲ្យមាន​​ចក្ខុវិស័យទូលំទូលាយជាងមុន។

លោកថា «ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ យើងបានគាំទ្រភូមិភាគជាច្រើននៅអាស៊ីក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃកិច្ច​ការងារជាគង្វាលកិច្ច។ ឥឡូវនេះ យើងកំពុងពង្រីកគោលការណ៍ណែនាំនៃការផ្តល់មូលនិធិរបស់យើង ដើម្បីរាប់បញ្ចូលទាំងគម្រោងដែលមេត្រីភាពនឹងបរិស្ថាន និងបង្កើតប្រាក់ចំណូល ដែលជួយកាត់បន្ថយចំណាយប្រតិបត្តិការផងដែរ»

ក្របខ័ណ្ឌដែលបានកែសម្រួលនេះ មានគោលបំណងជួយភូមិភាគនានានៅអាស៊ីកសាងភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការពារកុមារ និងក្រុមមនុស្សដែលងាយរងគ្រោះ។

លោកបានបន្ថែមថា «យើងចង់រួមដំណើរជាមួយដៃគូរបស់យើង ក្នុងការសម្រេចបាននូវចីរភាពផ្នែកបរិស្ថាន និងហិរញ្ញវត្ថុកាន់តែខ្លាំងក្លា ស្ថិតក្រោមក្របខ័ណ្ឌនៃគោលនយោបាយការពារសុវត្ថិភាព ដែលត្រូវបានរៀបចំឡើងយ៉ាងល្អ និងអនុវត្តយ៉ាងមានប្រសិទ្ធភាព»

លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះសហគមន៍ កំពុងត្រូវបានប្តេជ្ញាចិត្តរួមគ្នាឆ្ពោះទៅរក​ចីរភាព ការគ្រប់គ្រងដោយទទួលខុសត្រូវ និងចក្ខុវិស័យស៊ីណូដាល ក្នុងការកសាងព្រះសហគមន៍មូលដ្ឋានដែលមានភាពធន់ និងបំពាក់បំប៉នសមត្ថភាពរួចរាល់ដើម្បីបម្រើមនុស្សជំនាន់ក្រោយ៕

Daily Program

Livesteam thumbnail